អន្តរជាតិ

លោកយាយអាយុ ១០០ ឆ្នាំជនជាតិឥណ្ឌូនេស៊ីម្នាក់មានសំណាងបានជាសះស្បើយពីជំងឺកូវីដ ១៩

BY
autoadmin
June 1, 2020

ឥណ្ឌូនេស៊ី៖ អ្នកជំងឺកូវីដ ១៩ ដែលមានអាយុ ១០០ ឆ្នាំម្នាក់ត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០% ហើយរូបគាត់បានក្លាយជាមនុស្សចាស់បំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ដែលត្រូវបានគេព្យាបាលប្រកបដោយភាពជោគជ័យដូចនេះ។ អ្នកជំងឺរូបនេះមានឈ្មោះថា Kamtim ភេទស្រី មានដើមកំណើតជាពលរដ្ឋឥណ្ឌូនេស៊ី និងកំពុងរស់នៅក្នុងក្រុង Surabaya លើកោះចាវ៉ា ភូមិភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី។ បើតាមសារព័ត៌មាន Channelnewsasia  បានឲ្យដឹងថា លោកយាយ Kamtim បានកើតនៅក្នុងឆ្នាំ ១៩២០ ហើយរូបគាត់ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ កាលពីខែមុននេះ។

លោកយាយ Kamtim ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលបានការព្យាបាលក្នុងលក្ខខណ្ឌពិសេសមួយ​ ព្រោះតាមធម្មតាមនុស្សចាស់គឺពិបាកព្យាបាលណាស់ ហើយកន្លងមកខាងអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីមិនមានការរំពឹងខ្ពស់ទេថា គេអាចជួយសង្គ្រោះជីវិតលោកយាយបាននោះ។ ជាសំណាងល្អ លោកយាយ Kamtim ពុំមានជំងឺរ៉ាំរ៉ៃជាប់ខ្លួនឡើយបើទោះជាគាត់ចាស់ហើយក៏ដោយ ដូចនេះហើយទើបខាងគ្រូពេទ្យអាចជួយព្យាបាលគាត់ឲ្យជាសះស្បើយពីជំងឺកូវីដ ១៩ បានដោយជោគជ័យនោះ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ២៦,៤៧៣ ករណី និងស្លាប់ ១,៦១៣ ករណីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ channelnewsasia

Share This Post: