អន្តរជាតិ

ប្រទេសចិនគ្រោងបញ្ចប់ការតេស្ដរកជំងឺកូវីដ១៩ លើពលរដ្ឋនៅទីក្រុងវូហានជាង ១០លាននាក់ ក្រោយចាប់ធ្វើតេស្ដទ្រង់ទ្រាយធំរយៈពេល ២សប្ដាហ៍

BY
autoadmin
June 1, 2020

ទីក្រុងវូហានរបស់ប្រទេសចិនជិតនឹងបញ្ចប់ការធ្វើតេស្ដលើប្រជាជនសរុបចំនួន ១១ លាននាក់ ខណៈដែលប្រទេសនេះបានចំណាយធនធានដ៏ច្រើនសន្ធឹកសន្ធាប់គ្រប់បែបយ៉ាង ឱ្យតែខ្លួនអាចជៀសវាងការផ្ទុះឡើងនៃជំងឺ COVID-19 ឡើងវិញបាន។ ដើម្បីឈានដល់គោលដៅរបស់ចិននៅចំពេលដែលសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតកំពុងវិលមុខនឹង COVID-19 វាតម្រូវឱ្យពលរដ្ឋនៃទីក្រុងដែលជាប្រភពដើមជំងឺនេះ ត្រូវប្រមែប្រមូលគ្នាមកធ្វើតេស្ដយ៉ាងឆាប់រហ័ស។ អ្នកស្រុកនិងអ្នកដែលបានចុះឈ្មោះក្នុងបញ្ជីតេស្ដទាំងអស់ នឹងត្រូវបានគេទាក់ទងដើម្បីធ្វើការវាយតម្លៃ ហើយតាំងពីមានការតេស្ដលក្ខណៈទ្រង់ទ្រាយធំនេះមក អាជ្ញាធរមូលដ្ឋានបានរាយការណ៍អំពីករណីថ្មីតែមួយប៉ុណ្ណោះ តាំងពីពេលចាប់ផ្តើមនៅថ្ងៃទី១៣ ខែឧសភា។

កិច្ចប្រឹងប្រែងធ្វើតេស្តលើពលរដ្ឋរបស់ប្រទេសចិន គឺជាផ្នែកមួយនៃការជំរុញឱ្យរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់របស់ពិភពលោក ផ្លាស់ប្តូរគំនិតនៃការចោទប្រកាន់ដែលថា ប្រទេសនេះបានពន្យាពេលការឆ្លើយតបរបស់ខ្លួនចំពោះជំងឺដែលបានចម្លងដល់មនុស្សជាង ៦ លាននាក់ និងបានឆក់យកជីវិតមនុស្សជាង ៣៦០,០០០ នាក់ នៅទូទាំងសាកលលោក។ ទីក្រុងប៉េកាំងកំពុងបង្កើនការអភិវឌ្ឍវ៉ាក់សាំងពង្រីកការធ្វើតេស្តនៅទូទាំងប្រទេស និងរក្សាការរឹតត្បិតក្នុងការធ្វើដំណើរ ដើម្បីធានាការធ្លាក់ចុះនៃការឆ្លងជំងឺនេះ។ ខណៈពេលដែលប្រទេសចិនបានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនបានលាក់បាំងពីជំងឺតាំងពីដំបូង ខ្លួនក៏បាននិយាយអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៅពេលដែលជំងឺចប់ទៅវិញដែរ។ ពោលគឺកាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្រ្តី Li Keqiang បានអំពាវនាវឱ្យមានការកែទម្រង់ប្រព័ន្ធការពារជំងឺ និងធ្វើឱ្យប្រសើរឡើងនូវយន្តការសម្រាប់ការរាយការណ៍ដោយផ្ទាល់ និងមុនពេលមានការផ្ទុះឡើង៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: