សាកលវិទ្យាល័យមួយនៅម៉ាឡេស៊ីរៀបចំពិធីចែកសញ្ញាបត្រដោយប្រើមនុស្សយន្តជំនួសវត្តមានរបស់និស្សិត ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩
ម៉ាឡេស៊ី៖ វិបត្តិនៃជំងឺកូវីដ ១៩ បានបង្កើតឲ្យមានភាពចលាចលនិងបញ្ហាលំបាកជាច្រើនទៅកាន់ពិភពលោក ហើយស្ថិតនៅក្នុងស្ថានភាពអាក្រក់មួយនេះមនុស្សជាច្រើនត្រូវបង្ខំចិត្តរស់នៅនិងធ្វើកិច្ចការជាច្រើនខុសពីធម្មតា ដើម្បីសម្របខ្លួនឲ្យត្រូវទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងសង្គមរបស់ពួកគេ។ ជាក់ស្តែងមានសាកលវិទ្យាល័យមួយនៅក្នុងប្រទេសម៉ាឡេស៊ីបានប្រកាសថា នៅក្នុងឆ្នាំ ២០២០ នេះ ខាងសាកលវិទ្យាល័យនឹងរៀបចំពិធីចែកសញ្ញាបត្រដល់និស្សិតដោយមិនតម្រូវឲ្យនិស្សិតទាំងអស់ចូលរួមនោះទេ តែគេនឹងប្រើប្រាស់មនុស្សយន្តមកជំនួសវត្តមានរបស់ក្រុមនិស្សិតទាំងអស់នោះវិញ។

បើតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា សាកលវិទ្យាល័យមួយនេះមានឈ្មោះថា Universiti Sultan Zainal Abidin (UniSZA) មានទីតាំងស្ថិតនៅក្នុងរដ្ឋ Terengganu ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។ លោកសាស្ត្រាចារ្យ Hassan Basri Awang Mat Dahan ដែលជាអនុប្រធានសាស្រ្តាចារ្យសាកលវិទ្យាល័យបានបញ្ជាក់ថា ពិធីចែកសញ្ញាបត្រត្រូវតែធ្វើឡើងជាចាំបាច់ ហើយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ទើបគេសម្រេចមិនឲ្យមានវត្តមានរបស់ក្រុមនិស្សិតឡើយ តែគេនឹងប្រើប្រាស់មនុស្សយន្តចំនួន ២ ដែលមានឈ្មោះថា Naseem និង Seebaa ឲ្យមកទទួលសញ្ញាបត្រជំនួសនិស្សិតទាំងអស់អស់វិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz