ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងតូក្យូប្រកាសពីការប្រុងប្រយ័ត្នបន្ថែម នៅពេលដែលចំនួនករណីថ្មីៗប្រចាំថ្ងៃនៃកូវីដ១៩ បានហក់ឡើងខ្ពស់យ៉ាងគួរឱ្យបារម្ភ

    BY autoadmin June 3, 2020
    ទីក្រុងតូក្យូប្រកាសពីការប្រុងប្រយ័ត្នបន្ថែម នៅពេលដែលចំនួនករណីថ្មីៗប្រចាំថ្ងៃនៃកូវីដ១៩ បានហក់ឡើងខ្ពស់យ៉ាងគួរឱ្យបារម្ភ

    ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានចេញសេចក្តីជូនដំណឹងមួយ បន្ទាប់ពីបានបញ្ជាក់ពីករណីអ្នកឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកអភិបាលទីក្រុងមានប្រសាសន៍ថា ការប្រកាសនេះជាវិធីមួយដែលជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ប៉ុន្តែមិនមានការផ្លាស់ប្តូរផែនការបើកដំណើរការសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញនោះទេ។ ដើម្បីបង្ហាញសញ្ញាប្រកាសអាសន្ននេះពួកគេបានបើកភ្លើងបំភ្លឺស្ពាន Rainbow នៅតំបន់ឆកសមុទ្រតូក្យូ ក៏ដូចជាភ្លើងនៅអគាររដ្ឋាភិបាលទីក្រុងតូក្យូត្រូវផ្លាស់ប្តូរពីពណ៌ធម្មតាទៅជាពណ៌ក្រហម។ កាលពីថ្ងៃអង្គារម្សិលមិញ ទីក្រុងតូក្យូបានរាយការណ៍ពីការឆ្លងថ្មីៗចំនួន ៣៤ ហើយវាជាលើកដំបូងដែលករណីបានកើនឡើងច្រើនជាង ៣០នាក់ ក្នុងរយៈពេលជាង ៣សប្តាហ៍ កន្លងមកនេះ។

    ការកើនឡើងនេះគឺវាកើតឡើងមួយសប្តាហ៍ បន្ទាប់ពីរដ្ឋាភិបាលកណ្តាលបានដកស្ថានភាពអាសន្នសម្រាប់តំបន់ទីក្រុងតូក្យូ។ ប្រការនេះបានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់នេះចាប់ផ្តើមបន្ធូរបន្ថយដល់អាជីវកម្មជាច្រើនដែលបានបិទ។ ចាប់តាំងពីពេលនោះមកមន្រ្តីអាជ្ញាធរបានឃ្លាំមើលស្ថានការណ៍ ហើយនិយាយថាស្ថានភាពនៅតូក្យូកាន់តែអាក្រក់ទៅៗ។ អភិបាលខេត្ត Koike Yuriko បាននិយាយកាលពីថ្ងៃអង្គារថា៖«យើងចង់បន្តសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ខណៈពេលទប់ស្កាត់ការរីករាលដាលនៃ COVID-19 ។ យើងនឹងត្រូវការកិច្ចសហប្រតិបត្តិការពីប្រជាជនទាំងអស់»។ មន្រ្តីទីក្រុងតូក្យូក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងជំងឺនៅតាមបារ និងក្លឹបរាត្រី នៅពេលដែលករណីមានទាក់ទងកន្លែងទាំងនេះត្រូវបានកត់ត្រាច្រើនក្នុងរយៈចុងក្រោយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: