ទៀតហើយ! ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ចំនួន ៤៥ ករណី ចេញពីព្រះវិហារ
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា កូរ៉េខាងត្បូងកំពុងប្រយុទ្ធប្រឆាំងនឹងករណីឆ្លងជំងឺរាតត្បាត COVID-19 ថ្មីៗជាចង្កោមចេញពីព្រះវិហារនៅក្នុងទីក្រុងសេអ៊ូល ខណៈដែលប្រទេសនេះកំពុងបើកទ្វារសាលារៀនឱ្យសិស្សចូលរៀនជាបណ្ដើរៗ។ យោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ (KCDC) បានឱ្យដឹងថា កូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៨ ករណីបន្ថែមកាលពីម្សិលមិញ ដែលនាំឱ្យចំនួនករណីសរុបរបស់ប្រទេសនេះមានដល់ ១១,៥៤១នាក់។ ករណីថ្មីៗទាំងអស់នេះត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងសេអ៊ូល និងអ៊ីនឈុន និងខេត្ត Gyeonggi។

ប៉ុន្តែប៉ុន្មានរយៈចុងក្រោយនេះករណីជាច្រើនបានកើតឡើងចេញព្រះវិហារនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុង នៅចំពេលដែលប្រទេសនេះក៏កំពុងតាមដានករណីដែលផ្ទុះចេញពីក្លឹបកម្សាន្តរាត្រីនៅ Itaewon និងមជ្ឈមណ្ឌលចែកចាយរបស់ទីក្រុង។ យោងតាមប្រភពដដែលបាននិយាយថា ម្សិលមិញនេះមានករណីជាច្រើនត្រូវបានរាយការណ៍ចេញពីព្រះវិហារតូចៗចំនួន ២៣ នៅទីក្រុងអ៊ិនឈុន និងខេត្ត Gyeonggi ដែលនាំឱ្យករណីចេញពីព្រះវិហារក្នុងមួយរយៈចុងក្រោយនេះមានដល់ ៤៥នាក់។ ពោលគឺស្ថានការណ៍កាន់តែពិបាកគ្រប់គ្រងនៅពេលដែលសិស្សសាលាចំនួន ១.៨ ទើបតែត្រឡប់ទៅសាលារៀនវិញ ក្រោយពេលការរឹតត្បិតទើបតែត្រូវបានបន្ធូរបន្ថយប៉ុណ្ណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ The Straits Times