កាន់តែក្ដៅហើយ! យោធាអាមេរិកប្រមាណ ១,៦០០នាក់ បានចល័តចូលមកកាន់ទីក្រុងវ៉ាស៊ីនតោន នៅពេលភាពតានតឹងនៃការបាតុកម្មកាន់តែកើនឡើង
មន្ទីរប៉ង់តាហ្គោនអាមេរិកនៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា ពួកគេបានចល័តកងទាហានអាមេរិកប្រមាណ ១,៦០០នាក់ ចូលក្នុងតំបន់វ៉ាស៊ីនតោន បន្ទាប់ពីមានការធ្វើបាតុកម្មហិង្សាជាច្រើនកន្លែងនៅក្នុងទីក្រុង។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Rath Hoffman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្លាំងយោធាសកម្មត្រូវចល័តឱ្យទៅឈរជើងនៅតាមតំបន់ ប៉ុន្តែមិនមែននៅកណ្តាលក្រុងវ៉ាស៊ីនតោនផ្ទាល់នោះទេ។

លោក Jonathan Rath Hoffman បាននិយាយថា កងកម្លាំងយោធាកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់ប៉ុន្តែ «មិនបានចូលរួមក្នុងការគាំទ្រការពារដល់ប្រតិបត្តិការរបស់អាជ្ញាធរស៊ីវិលទេ»។ ក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់ក៏បាននិយាយកាលពីថ្ងៃច័ន្ទថា អង្គភាពនានានឹងត្រូវចល័តទៅតំបន់វ៉ាស៊ីនតោន ហើយកងទ័ពទាំងនោះរួមមានកងរាជអាវុធហត្ថ និងអ្នកដែលមានសមត្ថភាពវិស្វកម្ម រួមជាមួយកងវរសេនាតូចថ្មើរជើង៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia