គ្លីនិកកែសម្ផស្សមួយនៅប្រទេសថៃតម្រូវឱ្យភ្ញៀវពាក់កូនម៉ាស់ សម្រាប់ប្រតិបត្តិការណាដែលភ្ញៀវនៅកៀកនឹងអ្នកជំនាញ
នៅក្នុងសម័យជំងឺរាតត្បាត COVID-19 វាបានធ្វើឱ្យអាជីវកម្មនានាត្រូវផ្លាស់ប្ដូរទម្លាប់ចាស់របស់ខ្លួនចោល ទាំងការការពារ ការរក្សាគម្លាត និងការរក្សាអនាម័យផ្សេងៗ។ ជាក់ស្ដែងនាពេលថ្មីៗនេះគ្លីនិកកែសម្ផស្សមួយនៅក្នុងទីក្រុងបាងកក ព្រះរាជាណាចក្រថៃ បានអនុវត្តការផ្ដល់ជូនកូនម៉ាស់ទៅឱ្យភ្ញៀវរបស់ខ្លួន សម្រាប់ប្រតិបត្តិការដែលតម្រូវឱ្យនៅជិតគ្នារវាងអ្នកជំនាញនិងភ្ញៀវ ដូចជាសម្រាប់បញ្ហានៅលើផ្ទៃមុខជាដើម។

គំនិតនៃការប្រើកូនម៉ាស់ គឺដើម្បីអាចឱ្យមានចន្លោះច្រើនលើផ្ទៃមុខ ខណៈប្រើផ្ទាំងបាំងតូចមួយសម្រាប់ការពារមាត់និងច្រមុះ។ ដូច្នេះការពាក់កូនម៉ាស់នេះក្នុងអំឡុងប្រតិបត្តិការទាក់ទងនឹងផ្ទៃមុខ អាចធ្វើឱ្យភ្ញៀវមានការការពារខ្ពស់ពីជំងឺ COVID-19 ។
យ៉ាងណាក៏ដោយបច្ចុប្បន្ននេះគ្លីនិក Waleerat មិនមានលក់ម៉ាស់មុខនេះទេ ហើយពួកគេមានម៉ាស់ប្រហែល ១០០ ដែលអាចសម្លាប់មេរោគនិងប្រើប្រាស់ឡើងវិញបាន។ បុគ្គលិករបស់គ្លីនិកនឹងត្រូវពាក់ម៉ាស់គ្រប់គ្នា ហើយអនុវត្តការគ្រប់គ្រងចំនួនភ្ញៀវដែលចង់បានសេវាកម្ម ដោយទទួលតែ ១៥នាក់ ក្នុងមួយថ្ងៃប៉ុណ្ណោះ។ រំលឹកដែរថាប្រទេសថៃពេលនេះក៏កំពុងស្ថិតជំហានទី៣ នៃការបន្ធូរបន្ថយការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលរួមមានទាំងការអនុញ្ញាតឱ្យគ្លីនិកសម្ផស្សអាចដំណើរការអាជីវកម្មខ្លួនឡើងវិញ។ ដូច្នេះនៅចំពេលបើកទ្វារឡើងវិញនេះ អាជីវកម្មត្រូវការពារនូវសាហានិភ័យដែលអាចកើតមាន៕





អត្ថបទ៖ លីដា
ប្រភព៖ The Star