ម្តាយតឹងរឹងដាក់កូនខ្លាំងពេក ធ្វើឲ្យកូនមានសម្ពាធផ្លូវចិត្តរហូតដល់ហ៊ានសម្លាប់ម្តាយខ្លួនឯងចោល
ចិន៖ ស្ត្រីជាម្តាយម្នាក់ត្រូវបានកូនស្រីអាយុ ១៥ ឆ្នាំរបស់គាត់សម្លាប់ចោល ព្រោះតែគាត់តឹងរឹងជាមួយកូនស្រីខ្លួនឯងខ្លាំងពេក ដែលធ្វើកូនស្រីរូបនោះមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរទ្រាំលែងរហូតហ៊ានសម្រេចចិត្តសម្លាប់ម្តាយបង្កើតខ្លួនឯងចោលតែម្តង។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះថា Zhang អាយុ ៤៥ ឆ្នាំ ជាស្ត្រីមេម៉ាយម្នាក់រស់នៅក្នុងខេត្ត Shandong ភាគខាងលិចប្រទេសចិន ហើយរូបគាត់មានមុខរបរជាមេធាវីម្នាក់។

បើតាមសារព័ត៌មាន worldofbuzz បានចុះផ្សាយថា មុនពេលប្រកបការងារជាមេធាវី លោកស្រី Zhang ធ្លាប់ជាគ្រូបង្រៀនដ៏តឹងរឹងម្នាក់ហើយក្នុងនាមជាស្ត្រីមេម៉ាយទៀតនោះ គាត់បានប្រើប្រាស់វិធានការតឹងរឹងជាប្រចាំជាមួយនឹងកូនស្រីរបស់គាត់។ ប្រភពខាងលើបានបន្តថា លោកស្រី Zhang តែងជូនកូនទៅរៀននិងទៅទទួលកូនស្រីត្រលប់មកពីសាលារៀនវិញជាប្រចាំនិងទៀតពេលវេលាបំផុត។ ពេលត្រលប់ទៅដល់ផ្ទះវិញកូនស្រីរបស់គាត់មិនអាចចេញពីផ្ទះបានឡើយ ហើយនាងត្រូវសម្ងំនៅក្នុងផ្ទះ ដើម្បីធ្វើកិច្ចការសាលារាល់ថ្ងៃ និងពេលខ្លះជួយធ្វើការងារផ្ទះផ្សេងៗតាមភាពជាក់ស្តែងប្រចាំថ្ងៃ។
ស្ថានភាពនេះបានធ្វើឲ្យក្មេងស្រីជាកូនរបស់ស្រ្តីរងគ្រោះធុញទ្រាន់ និងស្រ្តេសជាទីបំផុតរហូតនាងហ៊ានសម្លាប់ម្តាយខ្លួនឯងកាលពីថ្ងៃទី ២៣ ខែឧសភាកន្លងទៅនេះ ហើយបន្ទាប់ពីសម្លាប់រួចនាងបានយកសាកសពម្តាយនៅដាក់ក្នុងវ៉ាលីមួយដើម្បីយកទៅបោះចោលទៀតផង។ ដំបូងឡើយគេមិនបានដឹងសាច់រឿងពិតនេះទេ តែក្រោយពីបាត់វត្តមានរបស់លោក Zhang មួយរយៈទើបមានអ្នកជិតខាងរាយការរាយការណ៍ជូនអាជ្ញាធរ ហើយកាលពីពេលថ្មីៗនេះទើបប៉ូលិសជំនាញចិនអាចរកឃើញដំណើររឿងពិតដូចបានជម្រាប់ជូនខាងលើនេះ។
បច្ចុប្បន្នកូនស្រីដែលជាឃាតកសម្លាប់ម្តាយខ្លួនឯងត្រូវបានចាប់ខ្លួននិងរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់ ហើយក្នុងករណីដែលគេរកឃើញថា នាងមិនទាន់មានអាយុគ្រប់ ១៥ឆ្នាំទេ ពោលគឺទើបតែគ្រប់អាយុ ១៤ ឆ្នាំ នាងនឹងមិនត្រូវគេផ្តន្ទាទោសឲ្យជាប់គុកឡើយ ព្រោះតាមច្បាប់នៃប្រទេសចិនក្មេងដែលមានអាយុក្រោម ១៤ ឆ្នាំគឺមិនត្រូវអនុញ្ញាតឲ្យទទទួលព្រហ្មទណ្ឌឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz