ក្មេងស្រីតូចគ្មានកំហុសទាល់តែសោះម្នាក់ត្រូវរងគ្រោះ ដោយគ្រាប់បែកផ្សែងក្នុងការបង្ក្រាបបាតុកម្មនៅអាមេរិក (មានវីដេអូ)
អាមេរិក៖ ការស្លាប់របស់បុរសជនជាតិអាមេរិកស្បែកខ្មៅគឺលោក George Floyd បានកំពុងតែបង្កឲ្យមានភាពចលាចលពេញពិភពលោក ដោយក្រុមពលរដ្ឋស្បែកខ្មៅនៅតាមបណ្តាប្រទេសមួយចំនួនមិនថាតែនៅអាមេរិកនោះទេ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងជាមួយនឹងក្រុមប៉ូលិស ដើម្បីទាមទារកយុត្តិធម៌ដល់ជនរងគ្រោះនិងទាមទាឲ្យមានការលុបបំបាត់ចោលនូវទំនោររើសអើងជាតិសាសន៍ពីសំណាក់ពលរដ្ឋស្បែកសមកកាន់ពលរដ្ឋស្បែកខ្មៅ។

យ៉ាងណាក្តី នៅក្នុងសកម្មភាពប្រឆាំងតវ៉ានោះបានបង្កឲ្យមានអំពើហិង្សា និងការបង្ក្រាបពីសំណាក់ក្រុមប៉ូលិសផងដែរ ហើយពលរដ្ឋដែលមិនបានប្រព្រឹត្តិកំហុសទាល់តែសោះមួយចំនួនក៏ត្រូវបានគេប្រទះឃើញបានរងគ្រោះដោយមិនដឹងខ្លួនផងដែរ។ ជាក់ស្តែងក្មេងស្រីដែលទើបមានអាយុ ៣ ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញបានរងនូវគ្រាប់បែកផ្សែង និងត្រូវហូរទឹកភ្នែកអស់ជិត ១០ នាទីគួរឲ្យអាណិតបំផុត ខណៈដែលរូបនាងមិនបានពាក់ព័ន្ធក្នុងសកម្មភាពធ្វើបាតុកម្មទាល់តែសោះ។
បើតាមសារព័ត៌មាន Worldofbuzz បានឲ្យដឹងបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងចំពោះក្មេងស្រីរងគ្រោះខណៈដែលនាងកំពុងធ្វើដំណើរជាមួយម្តាយឪពុក តាមរយៈរថយន្តផ្ទាល់ខ្លួនមួយគ្រឿង។ ប្រភពខាងលើបានបន្តថា រថយន្តរបស់ក្មេងស្រីរងគ្រោះបានបើកទៅជួបប្រទះនឹងការបង្រ្កាបបាតុកម្មដោយការប្រើគ្រាប់បែកផ្សែងដោយចៃដន្យ ហើយភា្លមនោះមនុស្សនៅក្នុងរថយន្តត្រូវនាំគ្នារត់ចោលរថយន្តទៅកាន់កន្លែងសុវត្ថិភាព ទើបបណ្តាលឲ្យក្មេងស្រីរងគ្រោះត្រូវផ្សែងចូលភ្នែក និងត្រូវហូរទឹកភ្នែកជាច្រើននាទីដូចនេះ។ ក្រោយកើតហេតុមនុស្សជាច្រើនបាននាំគ្នាជួយសង្គ្រោះក្មេងស្រីរងគ្រោះដោយសេចក្តីអាណិតបំផុត ព្រោះថារឿងរ៉ាវអកុសនេះមិនគួរណាកើតមានចំពោះក្មេងស្រីដែលគ្មានកំហុសដូចនេះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz