មនុស្សមួយចំនួនយកការស្លាប់របស់លោក George Floyd ធ្វើជា Challenge ថតរូបធ្វើត្រាប់ប៉ូលិសសង្កត់កលោក រួចបង្ហោះបែបលេងសើចក្នុងបណ្តាញសង្គមទៅវិញ
ការស្លាប់របស់បុរសអាមេរិកស្បែកខ្មៅគឺលោក George Floyd ដែលបង្កឡើងដោយសាប៉ូលិសអាមេរិកស្បែកសនោះ បានកំពុងតែក្លាយជាប្រធានបទក្តៅនៅជុំវិញពិភពលោក ខណៈក្រុមប្រជាពលរដ្ឋមានការចាប់អារម្មណ៍ផ្សេងៗគ្នាទាក់ទងនឹងបញ្ហារសើបមួយនេះ។ ក្រុមមនុស្សមួយចំនួនបានផ្តោតសំខាន់លើការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ អ្នកខ្លះផ្តោតសំខាន់លើបញ្ហារើសអើសជាតិសាសន៍ និងអ្នកខ្លះវិញបានផ្តោតការចាប់អារម្មណ៍ជាចម្បងទៅលើសកម្មភាពបាតុកម្មរបស់ពលរដ្ឋស្បែកខ្មៅនៅតាមបណ្តាប្រទេសមួយចំនួនជាដើម។

នៅមិនទាន់អស់ទេ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមវិញបាននាំគ្នាធ្វើត្រាប់តាមសកម្មភាពប៉ូលិសស្បែកស ដែលបានយកជង្គង់មកសង្កត់កដូចលោក George Floyd និងបានថតសកម្មភាពទាំងនោះតាមគ្នាយកទៅបង្ហោះពេញបណ្តាញសង្គមទៀតផង។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបានហៅសកម្មភាពនេះថា George Floyd Challenge 2020 ដែលមើលទៅគឺពួកគេបានចាត់ទុកសកម្មភាពនេះត្រឹមជារឿងលេងសើចយ៉ាងសប្បាយរីករាយមួយ។
យ៉ាងណាក្តី បញ្ហានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់និងមានតម្លៃមួយសម្រាប់ពិភពលោកជាពិសេសក្រុមពលរដ្ឋស្បែកខ្មៅ ហើយក្នុងគោលការណ៍សីលធម៌ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមិនគួរយករឿងនេះមកលេងសើចដូចនេះទេ។ ក្រុមពលរដ្ឋជាច្រើនបាននាំគ្នារិះគន់យ៉ាងខ្លាំងចំពោះសកម្មភាព George Floyd Challenge 2020 នៅតាមបណ្តាញសង្គម និងស្នើសុំឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់៕


អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz