លទ្ធផលកោសល្យវិច័យរបស់លោក George Floyd បញ្ជាក់ថា គាត់មានជំងឺកូវីដ១៩ ប៉ុន្តែស្លាប់ព្រោះគាំងបេះដូងក្រោយត្រូវប៉ូលិសសង្កត់-ក
តាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្រោមការធ្វើកោសល្យវិច័យចុងក្រោយលើសាកសពរបស់លោក George Floyd បានបង្ហាញថា លោកត្រូវបានគេរកឃើញថាមានជំងឺ COVID-19 តាំងតែពីថ្ងៃទី០៣ ខែមេសា ប៉ុន្តែគាត់បានស្លាប់ដោយសារគាំងបេះដូង នៅក្រោយពេលត្រូវប៉ូលីសនៅទីក្រុង Minneapolis សង្កត់ករយៈពេលជាង ៨នាទី ដែលបណ្ដាលឱ្យគាត់ថប់ដង្ហើមស្លាប់ មិនមែនដោយសារជនរងគ្រោះមានជំងឺ COVID-19 ជាប់ខ្លួននោះទេ។

រំលឹកផងដែរថា ជនរងគ្រោះលោក George Floyd ត្រូវបានប៉ូលីសនៅរដ្ឋ Minnesota ជ្រុលដៃសម្លាប់ នៅពេលដែលពួកប៉ូលីសដេញចាប់គាត់ពីបទចាយក្រដាសប្រាក់ ២០ដុល្លារ ក្លែងក្លាយ។ របាយការណ៍ពីការិយាល័យពិនិត្យជំងឺ Hennepin County បានឱ្យដឹងថា៖ «សាកសពមានភាពវិជ្ជមានជាមួយវីរុស 2019-nCoV នៅក្នុង RNA របស់គាត់តាំងតែពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០»។
ប៉ុន្តែដូចដែលយើងបានដឹងហើយថា វីរុស 2019-nCoV អាចបន្តនៅក្នុងខ្លួនមនុស្សជាច្រើនសប្ដាហ៍ទម្រាំរកឃើញ និងអាចជាសះស្បើយអស់ទៅវិញ ដូច្នេះមានន័យថាលោក George Floyd នៅមានជំងឺ COVID-19 ជាប់ខ្លួន ប៉ុន្តែមិនចេញរោគសញ្ញានោះទេ។ ប៉ុន្តែទោះបីជាលោក George Floyd នៅមានជំងឺ COVID-19 ជាប់ខ្លួនយ៉ាងណាក្ដី របាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា លោកស្លាប់ដោយសារថប់ដង្ហើមហើយគាំងបេះដូង មិនមែនដោយសារជំងឺ COVID-19 នោះទេ៕




អត្ថបទ៖ លីដា
ប្រភព៖ Daily Mail