មេដឹកនាំសិទ្ធិជនស៉ីវិលនិយាយថា លោក George Floyd បានកែប្រែពិភពលោក ហើយនឹងបន្ដការតវ៉ារហូតមានការកែប្រែក្នុងប្រព័ន្ធយុត្តិធម៌អាមេរិក
អ្នកកាន់ទុក្ខរាប់រយនាក់បានចូលរួមក្នុងពិធីគោរពវិញ្ញាណខណ្ឌរបស់លោក George Floyd (ចចហ្វ្លយដ៍) នៅក្នុងទីក្រុង Minneapolis នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ខណៈដែលមេដឹកនាំសិទ្ធិជនស៊ីវិលលោក Al Sharpton ស្បថថានឹងធ្វើការតវ៉ាទ្រង់ទ្រាយធំបន្ដទៀត ដើម្បីឱ្យមានការកែប្រែនៅក្នុងប្រព័ន្ធយុត្តិធម៌អាមេរិក ដែលតែងតែលំអៀងដាក់ជនស្បែកខ្មៅ។ រំលឹកដែរថា លោក George Floyd អាយុ ៤៦ឆ្នាំ បានស្លាប់បន្ទាប់ពីត្រូវបានប៉ូលីសស្បែកសសង្កត់-ក ជាប់នឹងដីរយៈពេលជាង ៨នាទី យ៉ាងគួរឱ្យស្លុតចិត្តបំផុត ដែលធ្វើឱ្យគាត់ថប់ដង្ហើមស្លាប់នៅនឹងកន្លែង នៅអំឡុងពេលដែលប៉ូលីសតាមចាប់ខ្លួនគាត់រឿងចាយលុយក្រដាស ២០ដុល្លារ ក្លែងក្លាយកាលពីសប្ដាហ៍មុននេះ។

ការស្លាប់របស់លោក George Floyd បានធ្វើឱ្យមានកំហឹងផ្ទុះឡើងកាន់តែខ្លាំងលើពួកប៉ូលីសស្បែកសអាមេរិក ដែលបានសម្លាប់ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ហើយវាបានបង្កជាភាពរឹកវរនៅទូទាំងអាមេរិកដូចដែលបានឃើញសព្វថ្ងៃនេះស្រាប់ ហើយវាជាការតវ៉ាយ៉ាងធំបំផុតចាប់តាំងពីការស្លាប់របស់លោក Martin Luther King ដែលជាសកម្មជនសិទ្ធិមនុស្សល្បីល្បាញបំផុតនៅអាមេរិកកាលពីឆ្នាំ១៩៦៨។ នៅក្នុងពិធីគោរពវិញ្ញាណខណ្ឌរបស់លោក George Floyd អ្នកចូលរួមបានឈរយ៉ាងស្ងៀមស្ងាត់រយៈពេល ៨នាទី និង ៤៦វិនាទី ដែលជារយៈពេលដូចគ្នាដែលអតីតមន្ដ្រីប៉ូលីស Derek Chauvin បានយកជង្គង់សង្កត់លើកញ្ចឹង-ក របស់លោក George Floyd ៕





អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia