អណ្ដើកពោះធំមួយក្បាលយ៉ាងធំនៅអាមេរិក ត្រូវឡានកិនពីលើបណ្ដាលឱ្យបែកពោះ និងធ្លាយស៊ុតចេញក្រៅ យ៉ាងគួរឱ្យអាណិតបំផុត
រឿងដំរីពោះធំបានស្លាប់ក្នុងទន្លេនៅប្រទេសឥណ្ឌា ព្រោះតែមនុស្សដាក់ម្នាស់ញាត់ផាវពីក្នុងឱ្យវាស៊ី នៅមិនទាន់ចប់សព្វគ្រប់ផង ឥឡូវមានករណីមនុស្សជិះរថយន្តកិនអណ្ដើកពោះធំធ្លាយស៊ុតចេញក្រៅយ៉ាងគួរឱ្យអាសូរ។ យោងតាមការបង្ហោះលើផេកហ្វេសប៊ុក We Don’t Deserve This Planet បានឱ្យដឹងថា នាពេលថ្មីៗនេះមានករណីមនុស្សជិះរថយន្តកិនអណ្ដើកយ៉ាងធំមួយក្បាល នៅពេលដែលវាព្យាយាមឆ្លងផ្លូវ ដែលបណ្ដាលឱ្យស្នូករបស់វាបែកខ្ទេច និងធ្លាយស៊ុតចេញមកក្រៅ។

ប្រភពដដែលបាននិយាយថា នៅពេលក្រុមការងារបានជួបអណ្ដើកគឺវានៅមានដង្ហើមចង្រិតនៅឡើយ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមសង្គ្រោះគិតថាចាក់ថ្នាំជូនដំណើរវា ដើម្បីកុំឱ្យវាមានការឈឺចាប់តទៅទៀត។ អណ្ដើកពោះធំនោះត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលធម្មជាតិ Lakeside របស់សហរដ្ឋអាមេរិក ហើយវាត្រូវបានគេចាក់ថ្នាំបញ្ចប់ជីវិតនៅទីនោះ ព្រោះថារបួសរបស់អណ្ដើកកម្សត់នេះគឺលើសពីអ្វីដែលអាចជួយបាន។ ចំណែកស៊ុតនៅក្នុងពោះរបស់វាដែលនៅសេសសល់កំពុងត្រូវបានក្រុមសង្គ្រោះយកចេញ ហើយបន្ដធ្វើការភ្ញាស់ស៊ុតទាំងនោះឡើង៕




អត្ថបទ៖ លីដា