ចោរមួយក្រុមបន្លំខ្លួនធ្វើគ្រូពេទ្យចុះពិនិត្យមេរោគកូវីដ ១៩ ហើយចូលប្លន់យកប្រាក់ជាង ១ ម៉ឺនដុល្លារក្នុងផ្សារទំនើបមួយកន្លែង (មានវីដេអូ)
អន្តរជាតិ June 6, 2020 lyda

អាហ្វ្រិកខាងត្បូង៖ ចោរមួយក្រុមបានបន្លំខ្លួនធ្វើជាភ្នាក់ងារសុខាភិបាលចុះត្រួតពិនិត្យរកមេរោគកូវីដ ១៩ ដើម្បីធ្វើសកម្មភាពប្លន់យកប្រាក់នៅក្នុងផ្សារទំនើបមួយកន្លែង និងបានគេចខ្លួនដោយសុវត្ថិភាពព្រោះតែគ្មានអ្នកណាសង្ស័យលើពួកគេឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងក្រុង Pietermaritzburg ខេត្ត KwaZulu-Natal នៃប្រទេសអាហ្វ្រិកខាងត្បូង។ ក្រុមចោរត្រូវបានគេមើលឃើញថា សុទ្ធតែក្រុមក្មេងទំនើងមានសមាជិកសរុបចំនួន ៤ នាក់ ហើយពួកគេបានប្លន់យកប្រាក់អស់ចំនួន ១១,៨៩៥ ដុល្លារអាមេរិក។

បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន dailymail បានឲ្យដឹងថា បន្ទាប់ពីបានបន្លំខ្លួនចូលទៅដល់ក្នុងផ្សារហើយ ក្រុមចោរបានដើរសំដៅទៅកាន់បន្ទប់ប្រធានគ្រប់គ្រងផ្សារ ហើយចោរ ២ នាក់បានយកកាំភ្លើងយកមកផ្ជុងប្រធានគ្រប់គ្រងផ្សារ និងបុគ្គលិកមួយចំនួនទៀត ខណៈចោរ ២ នាក់ផ្សេងទៀតជាអ្នកដើរប្រមូលប្រាក់។ យ៉ាងណាក្តី ក្រុមចោរមិនបានបើកការបាញ់ប្រហារអ្វីនោះទេ ហើយការប្លន់នេះក៏មិនបានបង្កឲ្យអ្នកណាម្នាក់រងរបួសដែរ។ រហូតមកទល់នឹងពេលនេះខាងប៉ូលិសកំពុងតាមចាប់ខ្លួនក្រុមចោរ ហើយខាងប៉ូលិសបានអះអាងគេអាចកំណត់អត្តសញ្ញាណក្រុមចោរបានខ្លះៗហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail