យុវតីម្នាក់សន្លប់បាត់បង់ស្មារតីអស់ ៥ ថ្ងៃក្រោយមានទម្លាប់ផឹកតែគុជ ២ កែវក្នុងមួយថ្ងៃរយៈពេល ១ ខែពេញ
ចិន៖ តែគុជបានក្លាយទៅជាភេសជ្ជៈមានប្រជាប្រិយភាពបំផុតមួយក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺនៅក្នុងចំណោមយុវវ័យតែម្តង។ យ៉ាងណាក្តីរបាយការណ៍សុខភាពជាច្រើនសុទ្ធតែបានបង្ហាញថា តែគុជអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ប្រសិនបើលោកទទួលទានវាក្នុងបរិមាណច្រើនលើសកម្រិត ឬទទួលទានជាប្រចាំ។

ជាក់ស្តែងមានយុវតីម្នាក់ត្រូវបានសារព័ត៌មាន worldofbuzz រាយការណ៍ថា នាងបានសន្លប់បាត់បង់ស្មារតីអស់រយៈពេល ៥ ថ្ងៃ បន្ទាប់ពីនាងមានទម្លាប់ញ៉ាំតែគុជរាល់ថ្ងៃក្នុងបរិមាណ ២ កែវក្នុងមួយថ្ងៃ និងមានរយៈពេល ១ ខែពេញ។ ប្រភពខាងលើបានបន្តថា យុវតីរងគ្រោះមានឈ្មោះថា Tian Tian អាយុ ១៨ ឆ្នាំ ហើយក្រោយពីសន្លប់នាងត្រូវបញ្ជូនទៅសម្រាក និងព្យាបាលនៅក្នុងមន្ទីរពេទ្យ Ruijin ក្នុងក្រុងសៀងហៃ ប្រទេសចិន។
វេជ្ជបណ្ឌិតជំនាញបានពន្យល់ថា ក្នុងរាងកាយរបស់នាងមានផ្ទុកជាតិស្ករច្រើនហួសប្រមាណ ពោលគឺជាតិស្ករនៅក្នុងឈាមរបស់នាងមានចំនួនច្រើនលើសកម្រិតធម្មតាចំនួន ២៥ ដងឯណោះទើបនាងត្រូវសន្លប់ដូចនេះ ហើយមូលហេតុដែលធ្វើឲ្យនាងកើនជាតិស្ករយ៉ាងខ្លាំងដូចនេះក៏ព្រោះតែទម្លាប់នៃការញ៉ាំតែគុជរាល់ថ្ងៃរបស់នាងនោះឯង៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz