ដំណឹងល្អ! ទីប្រឹក្សាវេជ្ជសាស្រ្តជាន់ខ្ពស់ចិនអះអាងថា មនុស្សយ៉ាងតិច ៥នាក់ ធ្វើតេស្តសាកល្បងវ៉ាក់សាំងកូវីដ១៩ ច្រើនលើកច្រើនសារ លទ្ធផលបង្ហាញសញ្ញាវិជ្ជមានទាំងអស់, វ៉ាក់សាំងអាចដាក់ប្រើប្រាស់ នៅចុងឆ្នាំនេះ
ចិន៖ ទីប្រឹក្សាវេជ្ជសាស្រ្តជាន់ខ្ពស់មួយរូបប្រចាំនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនបានអះអាងថា វ៉ាក់សាំងសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ អាចនឹងមានវត្តមាននារដូវស្លឹកឈើជ្រុះខាងមុខនេះ ដែលតាមធម្មតារដូវស្លឹកឈើជ្រុះនៅក្នុងប្រទេសចិននឹងចាប់ផ្ដើមពីចុងខែសីហារហូតដល់ចុងខែធ្នូ។ ទីប្រឹក្សាជាន់ខ្ពស់រូបនេះគឺលោកវេជ្ជបណ្ឌិត Zhong Nanshan ដែលកន្លងមករូបគាត់ក៏ជាបុគ្គលគន្លឹះម្នាក់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ នៅក្នុងក្រុងវ៉ូហាន ប្រទេសចិនផងដែរ។

លោកវេជ្ជបណ្ឌិត Zhong Nanshan
យ៉ាងណាក្តី វេជ្ជបណ្ឌិត Zhong Nanshan បានបញ្ជាក់ថា វត្តមានរបស់វ៉ាក់សាំងការពារមេរោគកូវីដ ១៩ នៅក្នុងដំណាក់កាលដំបូងគឺសម្រាប់តែប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ប៉ុណ្ណោះ តែមិនទាន់ដាក់ឲ្យប្រើប្រាស់ជាសាធារណៈយ៉ាងទូលំទូលាយនោះទេ ព្រោះតែបរិមាណរបស់វានៅមានកម្រិតតិចតួចនៅឡើយ។ រហូតមកទល់នឹងពេលនេះមានមនុស្សយ៉ាងតិច ៥នាក់ កំពុងតែត្រូវបានគេធ្វើតេស្តសាកល្បងជាច្រើនលើកច្រើនសារជាមួយនឹងវ៉ាក់សាំងថ្មី ខណៈលទ្ធផលនៃការសាកល្បងសុទ្ធតែបង្ហាញសញ្ញាវិជ្ជមានទាំងអស់។ លោកវេជ្ជបណ្ឌិត Zhong Nanshan ក៏បានរិះគន់ខ្លាំងៗចំពោះការប្រើប្រាស់ថ្នាំបែបបុរាណដើម្បីព្យាបាលជំងឺកូវីដ ១៩ ដែលប្រជាពលរដ្ឋចិនមួយចំនួនបានអនុវត្តក្នុងពេលកន្លងមកផងដែរ ព្រោះវិធីព្យាបាលនោះក្រៅតែពីគ្មានប្រសិទ្ធភាពហើយ វាថែមទាំងអាចធ្វើឲ្យអ្នកជំងឺកូវីដ ១៩ មានគ្រោះថ្នាក់ដល់ជីវិតថែមទៀតផង៕


អត្ថបទ៖ ភក្តី
ប្រភព៖ dailymail