អ៉ីរ៉ង់កាត់ទោសប្រហារជីវិតភ្នាក់ងារ CIA ដែលសមគំនិតជាមួយអាមេរិក ដើម្បីធ្វើឃាតលោកឧត្តមសេនីយ៍ Qassem Soleimani
តុលាការទីក្រុងតេហេរ៉ង់បានកាត់ទោសប្រហារជីវិតបុរសអ៉ីរ៉ង់ម្នាក់ ពីបទបង្ហាញកន្លែងស្នាក់នៅរបស់លោក Qassem Soleimani ដែលជាមេបញ្ជាការដ៏ល្បីល្បាញនៃកងកម្លាំង Quds Force ដែលលោកត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារដោយមីស៊ីលអាមេរិកកាលពីដើមឆ្នាំ២០២០នេះ។ បើយោងតាមអ្នកនាំពាក្យបានឱ្យដឹងថា ជនល្មើសឈ្មោះ Mahmoud Mousavi-Majd ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការបដិវត្តអ៉ីរ៉ង់។ ជនល្មើសត្រូវបានគេដឹងថា ជាអ្នកធ្វើការឱ្យភ្នាក់ងារ CIA អាមេរិក និងភ្នាក់ងារសម្ងាត់ Mossad របស់អ៉ីស្រាអែល។

ឧត្តមសេនីយ៍ Qassem Soleimani ដែលបានល្បីឈ្មោះក្នុងសង្គ្រាម អ៉ីរ៉ង់-អ៉ីរ៉ាក់ ក្នុងទសវត្សឆ្នាំ១៩៨០ បានដឹកនាំកងកម្លាំង Quds Force ដែលជាក្រុមសម្ងាត់នៃឆ្មាំបដិវត្តឥស្សរជនអ៉ីរ៉ង់ពីឆ្នាំ១៩៩៨ រហូតដល់លោកទទួលមរណភាពនៅខែមករា ឆ្នាំ២០២០។ លោកត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលតម្រង់តាមគោលដៅ នៅពេលកំពុងធ្វើដំណើរពីអាកាសយានដ្ឋាន Baghdad ដោយមានជំនួយការ និងមេបញ្ជាការកងជីវពលនិកាយ Shiite របស់អ៉ីរ៉ាក់នៅជាមួយ។
ក្រុងតេហេរ៉ង់បានប្តេជ្ញាសងសឹកចំពោះការស្លាប់របស់លោក Qassem Soleimani មុនពេលដែលសាកសពរបស់គាត់ត្រូវបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើតក្នុងទីក្រុង Kerman។ នៅអំឡុងពេលដដែលនោះអ៉ីរ៉ង់ក៏បានបាញ់គ្រាប់មីស៉ីលជាច្រើនគ្រាប់មកលើមូលដ្ឋានទ័ពអាមេរិក ដែលកំពុងឈរជើងនៅអ៉ីរ៉ាក់ទុកជាការព្រមានផងដែរ។ កាលនោះគ្រប់គ្នាសុទ្ធតែបារម្ភពីសង្គ្រាមលោកលើកទី៣ ដែលអាចមានឡើងដោយសារជម្លោះរវាងអាមេរិកនិងអ៉ីរ៉ង់៕

អត្ថបទ៖ លីដា
ប្រភព៖ RT