ទីបំផុតប្រេស៊ីលព្រមបង្ហាញតួលេខអ្នកជំងឺកូវីដ១៩ ជាថ្មីឡើងវិញ ក្រោយរងការរិះគន់ថារដ្ឋាភិបាលមានបំណងលាក់បាំងតួលេខពិត
ប្រេស៊ីលបានសម្រេចបញ្ចេញចំនួនតួលេខអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺ COVID-19 ឡើងវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ដែលបានចោទថា រដ្ឋាភិបាលព្យាយាមលាក់បាំងទំហំនៃវិបត្តិសុខភាព ដែលកំពុងរីកដុះដាលចាប់មិនឈ្នះនៅក្នុងប្រទេស។ រំលឹកដែរថារដ្ឋាភិបាលរបស់លោក Jair Bolsonaro បានបិទវេបសាយមួយដែលផ្សាយចំនួននៃការឆ្លងនិងស្លាប់ដោយសារជំងឺ COVID-19 កាលពីថ្ងៃសុក្រ។ តែទោះជាយ៉ាងណានៅថ្ងៃអង្គារនេះតុលាការកំពូលរបស់ប្រទេស បានបង្គាប់ឱ្យបើកវេបសាយ និងបញ្ចេញតួលេខឡើងវិញ។

ក្រោយដំណើរការវេបសាយបូកសរុបតួលេខនោះ ចំនួនស្លាប់សរុបរបស់ប្រេស៊ីលថ្មីបានកើនឡើង ១,២៧២នាក់ ដែលនាំឱ្យចំនួនស្លាប់សរុបមានដល់ ៣៨,៤០៦នាក់ ដែលធ្វើឱ្យប្រទេសប្រេស៊ីលមានអ្នកស្លាប់ច្រើនបំផុតទី២ បន្ទាប់ពីសហរដ្ឋអាមេរិកនិងអង់គ្លេស។ ចំណែកតួលេខអ្នកឆ្លងជំងឺសរុបមានរហូតដល់ ៧៣៩,៥០៣នាក់ ដែលជាចំនួនច្រើនបំផុតទី២ បន្ទាប់ពីអាមេរិក។ ប៉ុន្តែយ៉ាងណាក៏ដោយវានៅតែមានការសង្ស័យថា ប្រទេសនេះអាចមានអ្នកឆ្លងច្រើនជាងនៅក្នុងរបាយការណ៍៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍, BBC