រលកទី២ នៃជំងឺកូវីដ១៩ កំពុងលេចចេញជារូបរាងនៅអាមេរិក បន្ទាប់ពីបើកទ្វារសេដ្ឋកិច្ចឡើងវិញ
រលកទី២នៃការឆ្លងជំងឺ COVID-19 កំពុងលេចចេញជារូបរាងឡើងនៅសហរដ្ឋអាមេរិក ដោយបង្កើនការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅពេលដែលប្រទេសមួយនេះកំពុងមានករណី COVID-19 ជាង ២ លាននាក់ ត្រូវបានបញ្ជាក់ស្រាប់ និងការស្លាប់រហូតដល់ទៅជាង ១០ម៉ឺននាក់ ដែលឈរនៅលេខ១ទាំង២តារាងតែម្ដង។ ជាក់ស្ដែងរដ្ឋតិចសាស់កាលពីថ្ងៃពុធ បានរាយការណ៍ពីករណីថ្មីៗចំនួន ២,៥០៤ ករណី ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីការរាតត្បាតមានវត្តមានឡើង។

ក្រឡេកទៅមើលរដ្ឋផ្លរីដាវិញ រដ្ឋនេះទើបតែបើកទ្វារជាដំណាក់កាលបានត្រឹម១ខែប៉ុណ្ណោះ ប៉ុន្តែមានករណីអ្នកឆ្លងចំនួន ៨,៥៥៣ ត្រូវបានបញ្ជាក់ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល៧ថ្ងៃ។ ចំនួននៃការឆ្លងថ្មីៗចុងក្រោយនេះ កំពុងដាក់សម្ពាធដល់ពលរដ្ឋ និងសេដ្ឋកិច្ចទូទាំងសហរដ្ឋអាមេរិក។ ចំនួនឆ្លងនៅក្នុងស្រុកពីទូទាំងប្រទេសបានកើនឡើងជាមធ្យម ១% ធៀបនឹងការឆ្លងដល់កំពូលដំបូងនៅខែមីនា ប៉ុន្តែយ៉ាងណាវានៅតែមានការព្រួយបារម្ភពីអ្នកជំនាញ។
ខណៈពេលដែលអាជីវកម្មទើបតែបើកទ្វារវិញ ហើយសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការតវ៉ានៅទូទាំងប្រទេសជុំវិញការស្លាប់របស់លោក George Floyd វាពិបាកនិយាយខ្លាំងណាស់ដែលជំងឺអាចត្រូវបានគ្រប់គ្រង់។ គេរំពឹងថាករណីថ្មីៗនឹងមានការកើនឡើងនៅពេលដែលការតវ៉ាស្ងប់ទៅវិញ៕



អត្ថបទ៖ លីដា
ប្រភព៖ The Straits Times