អ្នកជំនាញរុស្សីថា៖ ប្រេងជាង ២០,០០០តោន ដែលធ្លាយចូលទន្លេនៅតំបន់អាក់ទិក ត្រូវការពេលរាប់ឆ្នាំទើបសម្អាតបាន
រុស្សី៖ ក្រុមអ្នកជំនាញផ្នែកបរិស្ថានរុស្សីបានលើកឡើងថា ដំណើរការនៃការសម្អាតប្រេងធ្លាយចូលទន្លេនៅតំបន់អាក់ទិកនឹងត្រូវការពេលវេលាជាច្រើនឆ្នាំ។ សូមរម្លឹកជូនថា កាលពីពេលខែមុននេះមានប្រេងចំនួន ២១ ០០០ តោនបានបែកធ្លាយចូលទៅក្នុងសមុទ្រ និងបានហៀរទៅកាន់តំបន់ជាផ្ទៃទឹកជាច្រើនកន្លែងទៀតនៅតំបន់អាក់ទិក ហើយប្រេងទាំងនោះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមរុករករ៉ែដ៏ធំរបស់រុស្សីគឺក្រុមហ៊ុន Norilsk Nicke។

ក្រោយកើតមានហេតុការណ៍អកុសលនេះ វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុនខាងលើចំនួន ២ រូបត្រូវបានគេសង្ស័យថា បានបំពាននឹងច្បាប់បរិស្ថានមួយចំនួនទើបធ្វើឲ្យមានប្រេងធ្លាយចូលសមុទ្រដូចនេះ ហើយពេលនេះពួកគាត់ទាំង ២ នាក់កំពុងត្រូវបានគេស៊ើបអង្កេតយ៉ាងល្អិតល្អន់ ហើយបើសិនជាគេរកឃើញថា ពួកគាត់ពិតជាបានធ្វើខុសនឹងច្បាប់បរិស្ថានមែនពួកគាត់ត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៥ ឆ្នាំទៀតផង។
យ៉ាងណាក្តី បញ្ហានៅចំពោះមុខគឺប្រេងកំពុងតែបំពុលបរិស្ថានក្នុងសមុទ្រយ៉ាងខ្លាំងដែលធ្វើឲ្យសត្វ និងរុក្ខជាតិសមុទ្រជាច្រើនត្រូវងាប់អស់ ហើយមធ្យោបាយធ្វើដំណើរតាមសមុទ្រមួយចំនួនក៏ត្រូវបានផ្អាកដែរ។ ក្រុមអ្នកជំនាញផ្នែកបរិស្ថានរុស្សីបានបញ្ជាក់ថា បើទោះជាដំណើរការនៃការសម្អាតប្រេងត្រូវការពេលវេលាយូរក៏ដោយក៏គេត្រូវតែធ្វើជាចាំបាច់ មុនពេលបរិស្ថានក្នុងសមុទ្រត្រូវរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះ ហើយក្រុមហ៊ុនដែលបានប្រព្រឹត្តិកំហុសនេះក៏ត្រូវតែចូលរួមជួយសម្អាតផងដែរ៕





អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost