ករណីលក់ផេកហ្វេសបុក មាន Verified តែក្រោយទិញបាត់បង់សិទ្ធិគ្រប់គ្រងផេកវិញ ឥលូវនេះនាយកដ្ឋានព័ត៌មានវិទ្យាឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង (ករណីឆបោក មាត្រា៣៧៨ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ)
កីឡា June 14, 2020 Khmernote

នាយកដ្ឋានព័ត៌មានវិទ្យា÷ កន្លងមកក្រុមការងារបច្ចេកទេសសង្កេតឃើញថា មានករណីលក់ទំព័រហ្វេសបុក (Facebook Page) រួមទាំង Blue Tick Verified ក្នុងទីផ្សារ ហើយត្រូវបានទិញយកមកប្រើប្រាស់ផ្សព្វផ្សាយលក់ផលិតផល ឬសេវា។ មានជនរងគ្រោះជាច្រើនដែលបានបាត់បង់សិទ្ធិគ្រប់គ្រងទំព័រហ្វេសបុក (Facebook Page) ទាំងនោះបន្ទាប់ពីកាន់កាប់បានមួយរយៈ និងខាតបង់ប្រាក់ខ្ទង់ពាន់ ឬម៉ឺនដុល្លារអាមេរិក ក្នុងមួយទំព័រហ្វេសបុក (Facebook Page) ដែលបានទិញពីជនអាណាមិក។

ថ្ងៃនេះក្រុមការងារសូមធ្វើការបង្ហាញអំពីបច្ចេកទេស និងដំណើរការនៃការលក់ទំព័រហ្វេសបុក (Facebook Page) ជាពិសេស Blue Tick Verified របស់ជនទុច្ចរិតមួយចំនួន ដូចខាងក្រោម÷

– ទំព័រហ្វេសបុក (Facebook Page) ផ្លូវការមួយចំនួនត្រូវបានលួចកាន់កាប់ដោយខុសច្បាប់ ពីសំណាក់ជនអាណាមិក

– ជនអាណាមិកបានធ្វើការផ្លាស់ប្ដូរជម្រើសដើម្បីបង្វៀងពីការស្វែងរកទំព័រហ្វេសបុក (Facebook Page) ពីសំណាក់ម្ចាស់ដើម (ឧទាហរណ៍÷ បិទដំណើរការពីប្រទេសជនរងគ្រោះ ផ្លាស់ប្តូរឈ្មោះផេក និងតំណរភ្ជាប់ផេក ជាដើម)

– ធ្វើការផ្សព្វផ្សាយលក់ទំព័រហ្វេសបុក (Facebook Page) ទាំងនោះក្នុងតម្លៃថោក (ខ្ទង់រយដុល្លារអាមេរិក្នុងមួយផេក) និងត្រូវបានទិញយកទៅលក់បន្តដោយអ្នករកលុយអនឡាញមួយចំនួនក្នុងស្រុក ដែលតម្លៃលក់បន្តមានរហូតដល់ខ្ទង់ម៉ឺនដុល្លារអាមេរិក

– បន្ទាប់ពីជនរងគ្រោះកាន់កាប់ទំព័រហ្វេសបុក (Facebook Page) បានមួយរយៈ ទំព័រហ្វេសបុក ទាំងនោះអាចនឹងបាត់បង់ទៅវិញដោយសេចក្តីរាយការណ៍របស់ម្ចាស់ដើមទៅកាន់ក្រុមហ៊ុន Facebook និងមានករណីមួយចំនួនផ្សេងទៀត ផេកទាំងនោះត្រូវបានជនអាណាមិក ឬអ្នកលក់បន្តធ្វើការលួចយកទៅកាន់កាប់វិញ ហើយជនរងគ្រោះពុំអាចទាមទារសិទ្ធិកាន់កាប់មកវិញបានឡើយ។

មាត្រា​ ៣៧៧ នៃក្រមព្រហ្មទណ្ឌបានចែងថា÷ អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋាន:ក្លែង ដោយរំលោភលើឋាន:ពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុសគ្គលនេះ​ ដែលនាំឲ្យខូចប្រយោជន៍របស់បុគ្គលនេះ​ ឬរបស់តតិយជននូវ:
– ការប្រគល់មូលនិធិ​ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ
-​ ការផ្គត់ផ្គង់សេវា
– ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។
យោងមាត្រា ៣៧៨​ អំពើឆបោកត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ​ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន)​ រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន)​ រៀល។

មាត្រា​ ៤២៧ នៃក្រមព្រហ្មទណ្ឌបានចែងថា÷ អំពើចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្នន័យ ដោយទុច្ចរិត​ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី​ ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ​ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល។​

ដូច្នេះនាយកដ្ឋានព័ត៌មានវិទ្យា សូមសំណូមពរបងប្អូនប្រជាពលរដ្ឋជៀសវាងការទិញទំព័រហ្វេសបុក (Facebook Page) ដែលពុំមានប្រភពច្បាស់លាស់ និងត្រូវបង្កើតទំព័រហ្វេសបុក (Facebook Page) បុគ្គល ឬជំនួញរបស់ខ្លួន ដែលមានឯកសារបញ្ជាក់ត្រឹមត្រូវជាមួយក្រុមហ៊ុន Facebook។ ក្នុងករណីបងប្អូនជាជនរងគ្រោះនៃបទល្មើសដូចបានរៀបរាប់ខាងលើ សូមអញ្ជើញទៅដាក់ពាក្យបណ្តឹងដល់អាជ្ញាធរមានសមត្ថកិច្ច។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា