ស្ថានភាពកូវីដ១៩ នៅឥណ្ឌាកាន់តែអាក្រក់ទៅៗ ហើយទីក្រុងដេលីកំពុងយករថភ្លើងចំនួន ៥០០គ្រឿង បន្ថែមទៀតមកធ្វើជាកន្លែងព្យាបាលអ្នកជំងឺ
ប្រទេសឥណ្ឌានឹងប្រែក្លាយរថភ្លើងចំនួន ៥០០ គ្រឿងបន្ថែមទៀត ដើម្បីបង្កើតជាគ្រែអ្នកជំងឺចំនួន ៨,០០០ គ្រែ សម្រាប់អ្នកជំងឺ COVID-19 នៅក្នុងទីក្រុងដេលី ខណៈប្រទេសទាំងមូលមានការកើនឡើងនៃការឆ្លងយ៉ាងគំហុក ដោយករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃបានហក់ឡើងជិតដល់ ១២,០០០នាក់។ ឥឡូវនេះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសកញ្ចប់ថវិកាបន្ទាន់ថ្មីសម្រាប់រដ្ឋធានី រួមទាំងការបង្កើនការធ្វើតេស្តរកជំងឺ និងកន្លែងថែទាំអ្នកជំងឺ។

ជម្រាបដែរថាឥណ្ឌាជាប្រទេសមានការឆ្លងជំងឺ COVID-19 ខ្ពស់បំផុតនៅទ្វីបអាស៊ី និងជាប្រទេសមានការឆ្លងខ្ពស់បំផុតលំដាប់ទី៤ របស់ពិភពលោក ដែលដេញពីក្រោយសហរដ្ឋអាមេរិក ប្រេស៊ីល និងរុស្ស៊ី។ ចំណែកការស្លាប់របស់ឥណ្ឌាក៏មានច្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយមានអ្នកស្លាប់ ៩,១៩៥នាក់ នេះបើយោងតាមការកត់ត្រារបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក។
ការបិទទ្វារប្រទេសចាប់តាំងពីថ្ងៃទី២៥ ខែមីនា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19 បានធ្វើឱ្យពលរដ្ឋឥណ្ឌារាប់លានបាត់បង់ការងារ និងសេដ្ឋកិច្ចទាំងមូលត្រូវបានខូចខាតក្នុងទំហំយ៉ាងធំ។ ដូច្នេះរដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បឹតដើម្បីបើកទ្វារសេដ្ឋកិច្ចនាពេលថ្មីៗនេះ ប៉ុន្តែវាហាក់ដូចជាជួយបានមួយចំណុចនិងមានផលវិបាកមួយចំណុច ដោយចាប់តាំងពីពេលនោះមកឥណ្ឌាមានករណីឆ្លងជំងឺ COVID-19 ហក់ឡើងកាន់តែខ្ពស់រៀងរាលថ្ងៃ៕





អត្ថបទ៖ លីដា
ប្រភព៖ BBC