បិទខេត្តមួយរយៈដោយសារកូវីដ១៩ គ្រាន់តែអាជ្ញាធរថៃបើកខេត្តវិញភ្លាម ក្រុមក្មេងស្ទាវនាំគ្នាជិះម៉ូតូអបអរពេញផ្លូវភ្លាម និងត្រូវប៉ូលិសឃាត់ខ្លួនភ្លែត
ថៃ៖ ក្រុមក្មេងស្ទាវចំនួន ៦ នាក់ត្រូវបានប៉ូលិសថៃធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេនាំគ្នាជិះម៉ូតូកែច្នៃចំនួន ៣ គ្រឿងរញ៉េរញៃពេញដងផ្លូវនិងបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ផ្សេងទៀត។ ការបង្រ្កាបករណីក្មេងស្ទាវនេះបានធ្វើឡើងនៅក្នុងខេត្ត Chachoengsao ភាគកណ្តាលនៃប្រទេសថៃ កាលយប់ថ្ងៃទី ១៤ ឆ្លងចូលព្រឹកថ្ងៃទី ១៥ ខែ មិថុនានេះ។
ក្រុមក្មេងស្ទាវទាំង ៦ នាក់ បានប្រាប់ប៉ូលិសថា ការជិះម៉ូតូរបស់ពួកគេនេះគឺព្រោះតែពួកគេសប្បាយចិត្តខ្លាំងពេកនិងដើម្បីអបអរដែលជាអាជ្ញាធរខេត្ត Chachoengsao បានសម្រេចបើកខេត្តឡើងវិញ ក្រោយបិទអស់មួយរយៈមកព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩។
ដូចនេះហើយគ្រាន់តែឈានដល់ព្រឹកថ្ងៃទី ១៥ ខែមិថុនាភ្លាម ដែលជាថ្ងៃបើកខេត្តជាធម្មតាវិញនោះពួកគេក៏បាននាំគ្នាជិះម៉ូតអបអរភ្លាម និងត្រូវប៉ូលិឃាត់ខ្លួនភ្លាមដូចគ្នាដែរ។ បើយោងតាមប៉ូលិសចរាចរណ៍ថៃបានបញ្ជាក់ថា ក្រុមក្មេងស្ទាវបានប្រើប្រាស់ម៉ូតូកែច្នៃដែលមានសំឡេងឮយ៉ាងខ្លាំង ហើយពួកគេបានជិះដោយបំពានលើច្បាប់ចរាចរណ៍ជាច្រើនករណីហើយសកម្មភាពនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ទើបប៉ូលិសសម្រេចធ្វើការឃាត់ដើម្បីអប់រំពួកគេ៕


អត្ថបទ៖ភក្តី
ប្រភព៖ Thai TV Social