ទឹកចិត្តចៅប្រុស សុខចិត្តផ្លុំខ្យល់ចូលមាត់លោកយាយ ដើម្បីសង្គ្រោះជីវិតគាត់ទាំងដឹងថា លោកយាយកំពុងមានជំងឺកូវីដ ១៩
ម៉ិចស៊ីកូ៖ ជាធម្មតាអ្នកជំងឺកូវីដ ១៩ តែងត្រូវបានគេខ្លាចរអាមិនហ៊ានប៉ះពាល់ និងមិនហ៊ានសូម្បីតែនៅក្បែរអ្នកជំងឺ ដោយសារតែវីរុសនេះងាយចម្លង តែយ៉ាងណាក្តីដោយសារតែភាពកតញ្ញូ និងចង់ជួយសង្គ្រោះជីវិតយាយខ្លួន ចៅប្រុសម្នាក់សុខចិត្តយកមាត់របស់ខ្លួនទៅប៉ះផ្ទាល់ជាមួយនឹងមាត់របស់លោកយាយ ដើម្បីផ្លុំខ្យល់ធ្វើចលនាដង្ហើមទាំងដឹងថា លោកយាយកំពុងមានរោគសញ្ញានៃជំងឺកូវីដ ១៩។

បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុកាណ៍នេះបានកើតឡើងនៅក្នុងក្រុងម៉ិចស៊ីកូ នៃប្រទេសម៉ិចស៊ីកូ ខណៈអត្តសញ្ញាណពិតប្រាកដរបស់ចៅប្រុសនិងលោកយាយរងគ្រោះមិនត្រូចបានគេស្គាល់ឡើយ។ ប្រភពខាងលើបានបន្តរៀបរាប់ហេតុកាណ៍នេះថា លោកយាយរងគ្រោះបានចេញរោគសញ្ញាមួយចំនួនដែលបង្ហាញថាគាត់បានឆ្លងជំងឺកូវីដ ១៩ ហើយរូបគាត់ក៏កើតមានអាការៈថប់ដង្កើមខ្លាំង មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ស្ថិតក្នុងសភាពដូចនេះចៅប្រុសបានព្យាយាមបើរថយន្តជូនគាត់ទៅកាន់មន្ទីរពេទ្យ តែជាអកុសលគាត់ក៏បានធ្វើទុកថប់ដង្ហើមក្នុងអំឡុងពេលធ្វើដំណើរទីកាន់មន្ទីរពេទ្យនោះទៀត។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ ចៅប្រុសបានព្យាយាមធ្វើចលនាចសង្គ្រោះបន្ទាប់ចំពោះលោកយាយ និងព្យាយាមផ្លុំខ្យល់ចូលទៅក្នុងមាត់លោកយាយទៀតផងក្នុងគោលបំណងជួយសង្គ្រោះជីវិតគាត់ឲ្យនៅដល់មន្ទីរពេទ្យ។
យ៉ាងណាក្តី លោកយាយនៅតែសន្លប់មិនដឹងខ្លួន ហើយពេលបញ្ជូនទៅដល់មន្ទីរពេទ្យវេជ្ជបណ្ឌិតបានឲ្យដឹងថា លោកយាយបានស្លាប់បាត់ហើយដោយសារកើតមានជំងឺកូវីដ ១៩។ ពេលនេះចៅប្រុសកតញ្ញូរបស់លោកយាយរងគ្រោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ ដើម្បីពិនិត្យនិងតាមដានសុខភាពរបស់គាត់ ព្រោះគាត់មានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងមេរោគកូវីដ ១៩ ពីយាយរបស់គាត់៕


អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz, theasianparent