ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះអំពើហិង្សានៅតាមបន្ទាត់ព្រំដែន ឥណ្ឌា-ចិន បណ្ដាលឱ្យទាហាននិងមន្ត្រីឥណ្ឌា ៣នាក់ស្លាប់

    BY autoadmin June 16, 2020
    ផ្ទុះអំពើហិង្សានៅតាមបន្ទាត់ព្រំដែន ឥណ្ឌា-ចិន បណ្ដាលឱ្យទាហាននិងមន្ត្រីឥណ្ឌា ៣នាក់ស្លាប់

    ក្រុងញូវដែលីបានរាយការណ៍ថា មន្ត្រីនិងទាហានឥណ្ឌា ៣នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសចិន។ ទីក្រុងប៉េកាំងអះអាងថា ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីកងកម្លាំងឥណ្ឌាបានឆ្លងកាត់ព្រំដែន និងបានវាយប្រហារទៅលើកងទ័ពចិន។ មន្រ្តីកងទ័ពឥណ្ឌាម្នាក់ និងទាហាន ២នាក់ ត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពចិន កាលពីយប់ថ្ងៃច័ន្ទ នៅជ្រលងភ្នំហ្គាលវ៉ាន នៅតំបន់កាស្មៀរ។ មន្ដ្រីយោធាជាន់ខ្ពស់មកពីប្រទេសទាំងពីរបច្ចុប្បន្នកំពុងជួបប្រជុំគ្នា ដើម្បីធ្វើឱ្យស្ថានការណ៍នេះធូរស្បើយឡើងវិញ។

    ប្រទេសឥណ្ឌាបានអះអាងថា មានអ្នកស្លាប់និងរបួសទាំងសងខាង ទោះបីពួកគេមិនបានបង្ហាញពីចំនួនខាងចិន ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះក៏ដោយ។ គួរឱ្យដឹងដែរថា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលកងទ័ពឥណ្ឌានិងចិនបានប្រឈមនឹងភាពតានតឹងនៅកន្លែងជាច្រើន តាមបណ្តោយបន្ទាត់ត្រួតពិនិត្យ (LAC) នៅភាគខាងកើត Ladakh ដែលជាផ្នែកមួយនៃតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។

    ទាហានចិន និងឥណ្ឌារាប់រយនាក់ បានប្រឈមមុខនឹងការប៉ះទង្គិចគ្នាដ៏ខ្លីមួយនៅដើមខែឧសភា ដោយកងទ័ពឥណ្ឌាបានបញ្ជូនកម្លាំងបន្ថែមរួមទាំងយានយន្តយោធា និងកាំភ្លើងធំទៅកាន់តំបន់នោះ បន្ទាប់ពីមានការផ្ទុះហិង្សា។ ការកើនឡើងសម្ពាធឥតឈប់ឈរនៅក្នុងតំបន់នេះ ត្រូវបានគេសន្មតថា ជាផ្នែកមួយនៃការខឹងសម្បាររបស់ប្រទេសឥណ្ឌា ចំពោះការសម្រេចចិត្តរបស់ចិនក្នុងការកសាងផ្លូវ និងការវាយប្រហារតាមអាកាសនៅក្បែរព្រំដែន។ ការស្លាប់នេះមិនមែនដោយសារការបាញ់បោះនោះទេ ដោយរបាយការខ្លះនិយាយថាពួកគេបានប្រើដុំថ្ម​ និងដំបង៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: