វីដេអូស្ដែងៗ បង្ហាញពីការបំផ្ទុះការិយាល័យទំនាក់ទំនងរួមគ្នារវាងកូរ៉េទាំង ២ ដែលកូរ៉េខាងជើងបានបំផ្ទុះកម្ទេចចោល
កាលពីរសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ ប្រទេសកូរ៉េខាងជើងបានបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងរួមរវាងកូរ៉េទាំង ២ នៅជិតទីក្រុង Kaesong តំបន់ព្រំដែនក្នុងទឹកដីរបស់កូរ៉េខាងជើង។ អគាររួមគ្នាដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើងនិងត្បូងមួយនោះ ត្រូវបានបើកសម្ពោធនៅឆ្នាំ២០១៨ បន្ទាប់ពីមេដឹកនាំរបស់ប្រទេសកូរ៉េទាំង២ គឺលោក គីម ជុងអ៊ុន និងលោក ម៉ូន ជេអ៉ីន បានជួបពិភាក្សាគ្នាជាលើកដំបូង។

ការបំផ្ទុះនេះគ្មាននរណាអាចគិតដល់នោះទេក្រៅពីបងប្អូនត្រកូល គីម ដែលវាបានធ្វើឱ្យក្ដីសង្ឃឹមបញ្ចប់ជម្លោះរវាងប្រទេសទាំង ២ ត្រូវរលាយអស់។ នៅក្នុងវីដេអូយ៉ាងងងឹតឈឹងបានបង្ហាញថា អគារត្រូវបានបំផ្ទុះឡើង ដែលធ្វើឱ្យតួអគារស្ទើរទាំងស្រុងត្រូវខូចខាតភ្លាមមួយពព្រិចភ្នែក។
គួររំលឹកដែរថា កម្ដៅរវាងកូរ៉េខាងជើងនិងខាងត្បូង បានកើនឡើងជាច្រើនថ្ងៃមកហើយ ដែលដំបូងឡើយវាបានចាប់ផ្ដើមដោយសារក្រុមសកម្មជនកូរ៉េខាងត្បូង។ ដោយកាលនោះពួកសកម្មជនបានធ្វើការបង្ហោះពាក្យពេចន៍តាមបាឡុង នៅតាមបណ្ដោយព្រំដែនរបស់ប្រទេសទាំង២ ប៉ុន្តែការបង្ហោះនោះបានធ្វើឱ្យកូរ៉េខាងជើងផ្ទុះកំហឹង ទើបក្រោយមកក៏មានជម្លោះជាហូរហែបែបនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ The Hill