ទីក្រុងប៉េកាំងបិទសាលារៀន និងជើងហោះហើរ ក្រោយមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ចេញពីផ្សារ Xinfadi នាពេលថ្មីៗនេះ
អាកាសយានដ្ឋានទីក្រុងប៉េកាំង បានលុបចោលជើងហោះហើរជាង ១,២០០ ក៏ដូចជាសាលារៀននៅទូទាំងរដ្ឋធានី ត្រូវបានបិទជាថ្មីម្តងទៀតនៅថ្ងៃពុធនេះ ដែលជាកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់អាជ្ញាធរ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដែលមានជាប់ទាក់ទងនឹងផ្សារលក់ដុំដ៏ធំរបស់ទីក្រុងគឺ Xinfadi។ នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ទីក្រុងប៉េកាំងតែមួយមានករណីថ្មីៗចំនួន ៣១ ត្រូវបានបញ្ជាក់ ហើយរយៈពេល៦ថ្ងៃចុងក្រោយនេះ ទីក្រុងមានករណីសរុបចំនួន ១៣៧ករណី ដែលវាជាចំនួនច្រើនបំផុតក្នុងរយៈពេល២ខែមកនេះ។

មនុស្សរាប់ម៉ឺននាក់ត្រូវបានគេជឿជាក់ថា បានមានទំនាក់ទំនងជិតស្និទ្ធជាមួយការផ្ទុះជាចង្កោមថ្មីៗចេញពីផ្សារលក់ដុំ Xinfadi ដូច្នេះមន្ត្រីសុខាភិបាលកំពុងចុះធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំ។ ផ្សារបោះដុំនោះពេលនេះត្រូវបានបិទទ្វារ ហើយពលរដ្ឋនៅក្នុងតំប់ចំនួន ៣០ ត្រូវបិទទ្វារដាក់នៅដោយឡែក ខណៈនៅតាមខេត្តទូទាំងប្រទេសចិន ក៏មានការធ្វើចត្តាឡីស័កចំពោះអ្នកមកពីទីក្រុងប៉េកាំង។ មន្ត្រីអាជ្ញាធរបាននិយាយថា ចាប់តាំងពីថ្ងៃទី៣០ ខែឧសភា មានមនុស្សប្រមាណ ២០០,០០០ នាក់ បានទៅផ្សារ Xinfadi ដូច្នេះអាជ្ញាធរកំពុងព្យាយាមតាមដានរាល់អ្នកដែលបានទៅទីនោះ ដើម្បីរារាំងកុំឱ្យមានរលកទី២ ម្ដងទៀត៕




អត្ថបទ៖ លីដា
ប្រភព៖ AFP