ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) ប្រកាសអបអរសាទរអង់គ្លេសរកឃើញថ្នាំ អាចព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយថ្នាំនេះមានតម្លៃថោក និងងាយស្រួលរក

    BY autoadmin June 17, 2020
    អង្គការសុខភាពពិភពលោក (WHO) ប្រកាសអបអរសាទរអង់គ្លេសរកឃើញថ្នាំ អាចព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយថ្នាំនេះមានតម្លៃថោក និងងាយស្រួលរក

    អង្គការសុខភាពពិភពលោក (WHO) បានស្វាគមន៍ចំពោះលទ្ធផលដំបូងនៃការសាកល្បងគ្លីនិក ពីចក្រភពអង់គ្លេស ដែលបានបង្ហាញថាថ្នាំ dexamethasone ដែលជាប្រភេទ corticosteroid អាចជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ដែលមានស្ថានភាពធ្ងន់ធ្ងរ។ នៅក្នុងការសាកល្បងបានបង្ហាញថា អ្នកជំងឺធ្ងន់ធ្ងរដែលត្រូវការឧបករណ៍ជំនួយដង្ហើម អាចកាត់បន្ថយហានិភ័យស្លាប់បាន ១ ភាគ ៣ ហើយអ្នកដែលត្រូវការអុកស៊ីសែន អាចកាត់បន្ថយការស្លាប់បាន ១ ភាគ ៥ ។ ប៉ុន្តែយ៉ាងណាថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ សម្រាប់តែអ្នកដែលមានស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ។

    នាយក​គ្រប់គ្រង WHO លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា៖ «វាគឺជាការព្យាបាលលើកដំបូង ដែលបង្ហាញពីការចុះថយហានិភ័យស្លាប់ចំពោះអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរដែលត្រូវការឧបករណ៍ជំនួយដង្ហើម ឬ អុកស៊ីសែន»។ លោក Tedros បានបន្ដថា វាជាដំណឹងអស្ចារ្យមួយ ហើយគាត់ក៏សូមអបអរចំពោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេស, សាកលវិទ្យាល័យ Oxford, មន្ទីរពេទ្យនិងអ្នកជំងឺនៅអង់គ្លេស ដែលបានរួមចំណែកនៅក្នុងការធ្វើតេស្ដនេះ។

    គួរឱ្យដឹងដែរថាថ្នាំ Dexamethasone គឺជាប្រភេទថ្នាំ steroid ដែលត្រូវបានប្រើប្រាស់តាំងពី ឆ្នាំ១៩៦០ សម្រាប់ការរលាកក្នុងកម្រិតផ្សេងៗ បូករួមទាំងមហារីកផងដែរ។ វាត្រូវបានចុះក្នុងបញ្ជីថាជាថ្នាំសំខាន់ ដោយអង្គការសុខភាពពិភពលោក (Essential Medicines) ចាប់តាំងពីឆ្នាំ១៩៧៧ ហើយបច្ចុប្បន្ននេះងាយស្រួលរកទិញ និងមានតម្លៃសមរម្យនៅក្នុងប្រទេសភាគច្រើន៕

    អត្ថបទ៖ លីដា
    ប្រភព៖ អង្គការសុខភាពពិភពលោក

    Share This Post: