បុរសម្នាក់យកត្រីនាគតម្លៃ ១៤០ ដុល្លារទៅចិញ្ចឹមនៅក្នុងផ្ទះមិនបានប៉ុន្មានថ្ងៃផងស្រាប់តែឪពុកគាត់ចាប់យកទៅចៀនពិសារបាត់
ឥណ្ឌូនេស៊ី៖ ត្រី Arowana ឬអ្នកខ្លះតែងហៅថាត្រីនាគគឺជាប្រភេទត្រីចិញ្ចឹមដ៏កម្រមួយព្រោះមនុស្សជាច្រើនគិតថា ការចិញ្ចឹមត្រីនេះទុកនៅក្នុងផ្ទះវានឹងជួយនាំសុភមង្គលនិងសេចក្តីដល់ពួកគេ។ ដោយសារតែជាប្រភេទសត្វកម្រនិងមានលក្ខណៈពិសេសខុសត្រីធម្មតា ត្រីនាគក៏មានតម្លៃខ្ពស់ដែរពោលគឺត្រីនាគមួយក្បាលអាចមានតម្លៃខ្ទងរយឬពាន់ដុល្លារទៀតផងតាមទំហំត្រីតូចឬធំ។ យ៉ាងណាក្តី មនុស្សមួយចំនួនដែលមិនស្គាល់ត្រីនេះតែងចាប់វាយកទៅចម្អិនធ្វើជាម្ហូបហើយក្រោយមកពេលដឹងការពិតទើបមានអារម្មណ៍សោកស្តាយ។

ជាក់ស្តែងបុរសឥណ្ឌូនេស៊ីម្នាក់បានសរសេរសាររៀបរាប់តាមបណ្ដាញសង្គមថា កាលពី ២ ឆ្នាំមុនគាត់បានទិញត្រីនាគដែលមានអាយុ ៤ ឆ្នាំមួយក្បាលក្នុងតម្លៃជិត ៦០ ដុល្លារយកទៅចិញ្ចឹមនៅកន្លែងធ្វើការងារ តែកាលពីពេលថ្មីៗនេះគាត់ក៏បានយកវាទៅចិញ្ចឹមនៅផ្ទះម្តង ហើយរឿងអកុសលមួយក៏បានកើតឡើង គឺឪពុករបស់គាត់បានចាប់ត្រីនោះយកទៅចៀនពិសារអស់រលីង។ បុរសជាម្ចាស់ត្រីបានឲ្យដឹងថា បច្ចុប្បន្នត្រីនាគដែលឪពុកគាត់យកទៅចៀនពិសារនោះមានតម្លៃប្រមាណជា ១៤០ ដុល្លារ ហើយនៅចំពោះមុខបញ្ហានេះគាត់មានតែសោកស្តាយនិងហួសចិត្តនិយាយអ្វីមិនកើត ព្រោះអ្នកយកត្រីនោះទៅបរិភោគគឺជាឪពុករបស់គាត់៕

អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz