បាតុភូតសូរ្យគ្រាសឈ្មោះថា «ចិញ្ចៀនភ្លើង» ដែលអាចមើលឃើញពីកម្ពុជានៅថ្ងៃនេះ
សម្រាប់អ្នកដែលចូលចិត្តទស្សនាបាតុភូតធម្មជាតិ នៅថ្ងៃស្អែកនេះ ដែលជាថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ នឹងមានបាតុភូតសូរ្យគ្រាសមួយឈ្មោះថា ចិញ្ចៀនភ្លើង ឬ «Ring of fire» ដែលនឹងអាចមើលឃើញពីទ្វីបអាហ្រ្វិកខាងលិច រហូតដល់ឧបទ្វីបអារ៉ាប់ ឥណ្ឌា និងចិនភាគខាងត្បូង។ សម្រាប់ប្រទេសកម្ពុជាយើងអាចនឹងមើលមិនច្បាស់ ១០០% នោះទេ ព្រោះបើតាមការចុះផ្សាយរបស់ Time and Date បានឱ្យដឹងថា សូរ្យគ្រាសនឹងបង្ហាញបានតែមួយចំណិតប៉ុណ្ណោះបើមើលពីរាជធានីភ្នំពេញ។

សម្រាប់រយៈពេលដែលយើងអាចមើល សូរ្យគ្រាសចិញ្ចៀនភ្លើង ពីកម្ពុជានៅថ្ងៃអាទិត្យនេះគឺ៖
ចាប់ផ្ដើមនៅម៉ោង (Begins) ៖ ១៣ និង ៣០ នាទី
ពេញលេញនៅម៉ោង (Maximum) ៖ ១៥ និង ០១ នាទី
បញ្ចប់នៅម៉ោង (Ends) ៖ ១៦ និង ១៦ នាទី
សរុបរយៈពេល (Duration) ៖ ២ ម៉ោង និង ៤៦ នាទី
សូរ្យគ្រាសជាធម្មតាកើតឡើងនៅពេលដែលព្រះច័ន្ទឆ្លងកាត់នៅចន្លោះផែនដី និងព្រះអាទិត្យ។ ហើយសម្រាប់បាតុភូតនេះវិញ ព្រះច័ន្ទគឺមិននៅកៀកផែនដីខ្លាំងពេកនោះទេ ដូច្នេះវាបន្សល់ទុកនូវពន្លឺដូចចិញ្ចៀនស្តើងមួយ ដែលហៅថាសូរ្យគ្រាសចិញ្ចៀនភ្លើងនេះ។ បាតុភូតបែបនេះមាន ២ ទៅ ៣ ឆ្នាំម្ដងប៉ុណ្ណោះ ដូច្នេះសូមកុំភ្លេចទស្សនាទាំងអស់គ្នា ឬ ប្រសិនលោកអ្នកចង់មើលឱ្យបានពេញលេញ លោកអ្នកអាចតាមដានតាមរយៈការ Live stream ពីបណ្ដាញ YouTube បាន៕


អត្ថបទ៖ លីដា
ប្រភព៖ France24