ស្ត្រីម្នាក់ភ្លេចខ្លួនរត់ចេញពីធនាគារលឿនពេកបុកទ្វារកញ្ចក់មួយទំហឹងបែកខ្ចាយ របួសធ្ងន់រហូតដល់ស្លាប់បាត់បង់ជីវិត (មានវីដេអូ)
ឥណ្ឌា៖ កន្លងមកមានមនុស្សចំនួនដែលស្ថិតនៅក្នុងស្ថានភាពប្រញាប់ប្រញាល់ភ្លេចមុខភ្លេចក្រោមរហូតត្រូវរត់ទៅបុកទ្វារកញ្ចក់ទាំងកំរោល ហើយជាធម្មតាគេតែងចាត់ទុកសកម្មភាពនេះគឺជារឿងគួរឲ្យអស់សំណើចមួយ។ យ៉ាងណាក្តី មានហេតុការណ៍ដូចគ្នានេះមួយករណីបានក្លាយទៅជារឿងសោកសៅបំផុត ព្រោះតែស្រ្តីម្នាក់ដែលបានរត់ទៅបុកទ្វារកញ្ចក់ពេញមួយទំហឹងត្រូវរងរបួសធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិត។

បើយោងតាមសារព័ត៌មាន timesofindia បានឲ្យដឹងថា រឿងរ៉ាវអកុលនេះបានកើតឡើងនៅក្នុងធនាគារមួយកន្លែងក្នុងក្រុង Perumbavoor នៃប្រទេសឥណ្ឌា។ ប្រភពខាងលើបន្តថា ស្រ្តីរងគ្រោះមានឈ្មោះ Beena អាយុ ៤៣ ឆ្នាំ ហើយនៅក្នុងថ្ងៃកើតហេតុនោះគាត់បានដើរចូលទៅក្នុងធនាគារដើម្បីដាក់ប្រាក់មួយចំនួន ហើយបន្ទាប់ពីដើរចូលទៅក្នុងធនាគារបានបន្តិចស្រាប់តែគាត់នឹកឃើញថា គាត់បានភ្លេចកូនសោរសំខាន់ៗមួយចំនួននៅលើយានជំនិះរបស់គាត់ដែលចតចោលនៅខាងមុខធនាគារ។
ក្នុងស្ថានភាពបន្ទាន់នោះ ស្រ្តីរងគ្រោះបានរត់យ៉ាងលឿនសំដៅទៅរកយានជំនិះរបស់គាត់នៅខាងក្រៅធនាគារហើយក៏ត្រូវបុកទ្វារកញ្ចក់ពេញមួយទំហឹងរហូតធ្វើឲ្យកញ្ចក់ត្រូវបែកខ្ចាយហើយរូបគាត់ត្រូវរងរបួសបែកក្បាលនិងហូរឈាមយ៉ាងខ្លាំងផងដែរ។ ភ្លាមៗក្រោយកើតហេតុគេបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកយកស្រ្តីរងគ្រោះទៅកាន់មន្ទីរពេទ្យ តែជាអកុសលស្រ្តីរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz