ប្តីប្រពន្ធ១គូ នាំគ្នារត់គេចខ្លួនចេញពីមន្ទីរពេទ្យនៅប្រទេសម៉ាឡេស៊ី ក្រោយធ្វើតេស្តឃើញមានវិជ្ជមានកូវីដ១៩
ម៉ាឡេស៊ី៖ មនុស្សអាត្មានិយមមួយចំនួនបានព្យាយាមរត់គេចពីការធ្វើតេស្តរកមេរោគកូវីដ ១៩ ឬរត់ចេញពីកន្លែងត្រូវគេដាក់ឲ្យនៅដោយឡែក ១៤ ថ្ងៃជាដើម ដោយមិនខ្វល់ថាឥរិយាបថរបស់ពួកគេអាចបង្កការចម្លងមេរោគទៅកាន់អ្នកដទៃដែលមិនដឹងអីទាល់តែសោះនោះទេ។ ជាក់ស្តែងប្តីប្រពន្ធជនជាតិឥណ្ឌូនេស៊ីមួយគូ ដែលត្រូវបានគេធ្វើតេស្តេវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ បាននាំគ្នារត់គេចខ្លួនបាត់ពីមន្ទីរពេទ្យ និងបានធ្វើឲ្យអាជ្ញាធរត្រូវរវល់នឹងតាមខ្លួនពួកគាត់មកវិញយ៉ាងយូរផងដែរ។ បើតាមសារព័ត៌មាន New Straits Times បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុងរដ្ឋ Sarawak ភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី ខណៈប្តីប្រពន្ធដែលរត់គេចខ្លួនពីមន្ទីរពេទ្យនេះគឺជាពលករដែលទទួលបានសិទ្ធិមកស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីជាបណ្តោះអាសន្ន។

ប្រភពខាងលើបានបន្តថា ប្តីប្រពន្ធទាំង ២ នាក់នេះមានរោគសញ្ញាបង្ហាញថា ពួកគេមានជំងឺកូវីដ១៩ យ៉ាងច្បាស់ ហើយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានសម្រេចដាក់ពួកគេឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ពួកគេ។ តែយ៉ាងណាក្តី នៅពេលដែលលទ្ធផលធ្វើតេស្តបង្ហាញថាពួកគេវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ នោះ ស្រាប់តែពួកគេបាននាំគ្នារត់គេចខ្លួនបាត់ និងមានបំណងចង់ត្រលប់ទៅប្រទេសកំណើតវិញដោយពួកគេមិនបានខ្វល់ទេថា សកម្មភាពរបស់ពួកគេអាចបង្កហានិភ័យក្នុងការចម្លងជំងឺទៅកាន់អ្នកដទៃខ្ពស់យ៉ាងណានោះ។ រហូតមកទល់នឹងពេលនេះប៉ូលិសម៉ាឡេស៊ីអាចតាមចាប់ខ្លួនពួកគេបានវិញហើយ ខណៈពួកគេនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរក្រោយពេលទទួលបានការព្យាបាលរួច៕
អត្ថបទ៖ ភក្តី
ប្រភព៖ New Straits Times