សារព័ត៌មាន nikkei របស់ជប៉ុន ឲ្យដឹងថាជប៉ុនគ្រោងបញ្ចេញឧបករណ៍តេស្ដទឹកមាត់រកជំងឺកូវីដ១៩ ប្រើពេលតែ៣០នាទី សម្រាប់ទេសចរបរទេសដែលចូលមកប្រទេសខ្លួន
ក្រុមហ៊ុន Shionogi របស់ជប៉ុននៅថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសថា ក្រុមហ៊ុនផលិតឱសថនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីផលិតឧបករណ៍តេស្តរកមេរោគ COVID-19 ដែលមានភាពងាយស្រួល រហ័សទាន់ចិត្ត និងមិនចាំបាច់ត្រូវការបច្ចេកទេសក្រៅបន្ថែមនោះទេ។ ឧបករណ៍ធ្វើតេស្តនេះត្រូវបានបង្កើតឡើង ដោយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យនីហុន លោក Masayasu Kuwahara និងក្រុមស្រាវជ្រាវរបស់គាត់។ ប្រសិនបើវាបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ ក្រុមហ៊ុន Shionogi នឹងស្វែងរកការយល់ព្រមពីក្រសួងសុខាភិបាលជប៉ុន ហើយបញ្ចេញវានៅរដូវស្លឹកឈើជ្រុះនេះ (ពាក់កណ្ដាលខែវិច្ឆិកា) ។

ជប៉ុនគ្រោងដាក់ចេញនូវឧបករណ៍ធ្វើតេស្ដថ្មីនៅពេលដែលខ្លួននឹងបន្ធូរបន្ថយការរឹតត្បឹត ហើយអនុញ្ញាតឱ្យបរទេសចូលមកប្រទេសខ្លួនបាន។ គួរឱ្យដឹងដែរថា វិធីសាស្ត្រចាស់ដោយប្រើបច្ចេកទេស PCR អាចត្រូវការពេលពី ៣ ទៅ ៥ម៉ោង ហើយទាល់តែមានអ្នកបច្ចេកទេស និងគ្រឿងប្រដាប់ទំនើបក្នុងការពិសោធន៍ ទើបអាចដំណើរការបានត្រឹមត្រូវ។ ដូច្នេះជប៉ុនព្យាយាមចង់បានឧបករណ៍ដែលធ្វើតេស្ដបានលឿន និងងាយស្រួលគ្រប់គ្រងកុំឱ្យមានរលកទី២ នៅពេលបើកទ្វារប្រទេសវិញ។ សព្វថ្ងៃប្រទេសជប៉ុនមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការធ្វើតេស្តប្រើបច្ចេកទេស PCR រហូតដល់ ២៨,០០០ ក្នុងមួយថ្ងៃ ទោះបីជាតិចជាង ១០,០០០ ត្រូវបានធ្វើឡើងជាក់ស្ដែងក៏ដោយ។ ដែនកំណត់បែបនេះមានន័យថា មានតែភ្ញៀវទេសចរបរទេសប្រមាណ ២៥០ នាក់ប៉ុណ្ណោះ ដែលអាចចូលមកប្រទេសនេះជាប្រចាំថ្ងៃបាន។
ចំពោះឧបករណ៍ថ្មីនេះវិញជប៉ុនត្រូវការតែ ៣០នាទី ប៉ុណ្ណោះសម្រាប់ពិសោធន៍សំណាកអ្នកជំងឺម្នាក់។ ដោយសំណាកទឹកមាត់ត្រូវកម្ដៅ ៩៥ អង្សាសេ រយៈពេល ២នាទី បន្ទាប់មកដាក់សារធាតុសម្រាប់រកមេរោគ ហើយក្រោយមកវានឹងផ្លាស់ប្តូរពណ៌អាស្រ័យលើលទ្ធផលក្នុងរយៈពេល ២០ ទៅ ២៥នាទី។ វិធីនេះផ្អែកលើសញ្ញាដោយប្រើវិធីសាស្រ្ត Ternary initiation complexes ឬ SATIC ដែលត្រូវបានរកឃើញដោយក្រុមរបស់លោក Masayasu Kuwahara ៕

![]()
អត្ថបទ៖ លីដា
ប្រភព៖ Nikkei