ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃឈានដល់ដំណាក់កាលធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ១៩ នៅក្នុងខ្លួនសត្វជាលើកទី ២ ហើយ

    BY autoadmin June 23, 2020
    ថៃឈានដល់ដំណាក់កាលធ្វើតេស្តវ៉ាក់សាំងជំងឺកូវីដ១៩ នៅក្នុងខ្លួនសត្វជាលើកទី ២ ហើយ

    ថៃ៖ ក្រុមអ្នកវិទ្យាសាស្រ្តថៃដែលកំពុងតែរុករកវ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩ បានឲ្យដឹងថា គិតមកទល់នឹងពេលនេះថៃបានឈានដល់ដំណាក់កាលចាក់វ៉ាក់សាំងធ្វើតេស្តនៅក្នុងខ្លួនសត្វជាលើកទី ២ ហើយ ប្រសិនបើលទ្ធផលនៃការពិសោធណ៍នេះទទួលបានជោគជ័យគេអាចនឹងបន្តធ្វើតេស្តនៅក្នុងរាងកាយមនុស្សនៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន bangkokpost បានបញ្ជាក់ថា នៅក្នុងដំណាក់ពិសោធណ៍លើកនេះគេនឹងប្រើប្រាស់សត្វស្វាចំនួន ១៣ ក្បាល និងបែកចែកជា ៣ក្រុម ដោយក្រុមទី ១ នឹងត្រូវគេចាក់វ៉ាក់សាំងក្នុងកម្រិតច្រើន ក្រុមទី ២ ចាក់វ៉ាក់សាំងកម្រិតមធ្យម និងក្រុមទី ៣ នឹងត្រូវចាក់វ៉ាក់សាំងក្នុងកម្រិតតិច។ បន្ទាប់ពីធ្វើការចាក់វ៉ាក់សាំងចូលទៅក្នុងខ្លួនសត្វស្វារួច គេនឹងអាចទទួលបានលទ្ធផលផ្លូវការមួយនៅក្នុងរយៈពេលមួយខែបន្ទាប់មកទៀត។

    គួរបញ្ជាក់ជូនថា ថៃជាប្រទេសមួយក្នុងចំណោមប្រទេសជាង ១០០ ផ្សេងនៅទៀតលើពិភពលោក ដែលកំពុងតែធ្វើការងារយ៉ាងសកម្មក្នុងការស្វែងវ៉ាក់សាំងប្រឆាំងនឹងមេរោគគូវីដ ១៩ ហើយក្នុងចំណោមប្រទេសទាំងអស់នោះគេបានមើលឃើញថា ចិនហាក់ដើរឈានមុនគេក្នុងដំណើរការស្វែងរកវ៉ាក់សាំង ដោយគិតមកទល់នឹងពេលនេះចិនបានឈានដល់ការពិសោធណ៍វ៉ាក់សាំងក្នុងរាងកាយមនុស្សដំណាក់កាលទី ២​ ហើយ។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះពិភពលោកទាំងមូលមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួនជាង ៩ លានករណី និងស្លាប់ជិត ៥ សែនករណី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post: