ទុក្ខជាន់ទុក្ខ! ម៉ិកស៊ិកកូរងទុក្ខដោយសារកូវីដ១៩ហើយ ថ្មីៗនេះជួបគ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ ដែលធ្វើឱ្យមានការព្រមានពីរលកយក្សស៊ូណាមិថែមទៀត
ការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងប្រទេសម៉ិកស៊ិកកូកាលពីថ្ងៃអង្គារ ដោយធ្វើឱ្យមានការព្រមានពីរលកយក្សស៊ូណាមី សម្រាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងអាមេរិកខាងត្បូង។ អ្នកជំនាញសហរដ្ឋអាមេរិកនិយាយថា ចំណុចកណ្តាលនៃតំបន់រញ្ជួយគឺជាតំបន់ឆ្នេរមួយដែលមានចម្ងាយប្រមាណ ១៤៥ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុង Oaxaca ប្រទេសម៉ិកស៊ិកកូ។ ការរញ្ជួយបានធ្វើឱ្យអគាររង្គោះរង្គើនៅក្នុងរដ្ឋធានីម៉ិកស៊ីក ខណៈប្រទេសនេះក៏កំពុងរងការវាយប្រហារពីជំងឺ COVID-19 ។

មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិនៅតំបន់ប៉ាស៊ីហ្វិកបាននិយាយថា រលកយក្សស៊ូណាមិប្រហែល ៧០ សង់ទីម៉ែត្រ ត្រូវបានគេសង្កេតឃើញនៅតំបន់ផែ Salina Cruz ក្នុងរដ្ឋ Oaxaca និងជិតខាងទីក្រុង Acapulco ។ ប្រធានាធិបតី Andres Manuel Lopez Obrador មានប្រសាសន៍ថា ការប្រាស្រ័យទាក់ទងជាមួយតំបន់ក្បែរចំណុចរញ្ជួយត្រូវបានកាត់ផ្តាច់ ហើយរដ្ឋាភិបាលកំពុងព្យាយាមស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាពនេះ។
គួរឱ្យដឹងដែរថា ម៉ិកស៊ិកកូមានប្រវត្តិយូរមកហើយទាក់ទងនឹងការរញ្ជួយដីដ៏សាហាវ ដោយនៅឆ្នាំ២០១៧ ការរញ្ជួយដីដ៏សាហាវចំនួន ២ បានវាយប្រហារប្រទេសនេះក្នុងរយៈពេលប្រហែល ២ សប្តាហ៍ ដោយបានឆក់យកអាយុជីវិតមនុស្សរាប់រយនាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសយ៉ាងច្រើន៕




អត្ថបទ៖ លីដា
ប្រភព៖ NHK