របៀបដែលសាំងហ្គាពួរអាចច្នៃសំរាមទៅជាថាមពលអគ្គិសនី និងចាក់បំពេញវាទៅជាកោះសិប្បនិម្មិត មានធម្មជាតិពីលើយ៉ាងស្រស់ស្អាត
សំរាមគឺជាបញ្ហាធំចម្បងមួយសម្រាប់ពិភពលោកយើងនេះ ដោយសារថាក្នុងមួយថ្ងៃៗមនុស្សម្នាក់ៗមិនដឹងជាបានខ្ជះខ្ជាយសំរាមក្នុងទំហំប៉ុនណានោះទេ។ ជាក់ស្ដែងមួយរយៈមុនពេលដែលជំងឺ COVID-19 បានវាយប្រហារពេញទូទាំងពិភពលោក អ្នកទាំងអស់គ្នាប្រហែលជាបានឃើញនូវព័ត៌មានជាច្រើន ដែលនិយាយពីការបញ្ជូនសំរាមរាប់កុងតឺន័រ ផ្ញើទៅប្រទេសនេះឬប្រទេសនោះ ដោយគ្មានទំនួលខុសត្រូវពីបណ្ដាប្រទេសអ្នកមានមួយចំនួន។ យ៉ាងណាក៏ដោយមានប្រទេសតូចមួយនៅក្នុងអាស៊ីយើងនេះ ដែលអាចមានសមត្ថភាពក្លាយជាប្រទេសគ្មានសំរាម (Zero Waste) ចាប់តាំងពីឆ្នាំ២០១៩ នោះគឺប្រទេសសាំងហ្គាពួរ។

ថ្វីបើប្រទេសសាំងហ្គាពួរមានទំហំតូច មានសេដ្ឋកិច្ចមមាញឹក និងគ្មានដីសម្រាប់ចាក់សំរាមយ៉ាងណាក្ដី ប្រទេសនេះនៅតែអាចគ្រប់គ្រងបញ្ហាសំរាមបានយ៉ាងគួរឱ្យចាប់អារម្មណ៍បំផុត។ ចង់ដឹងអត់ថាសាំងហ្គាពួរយកសំរាមទាំងនោះទៅចោលនៅឯណា? ចម្លើយគឺសាំងហ្គាពួរបានប្រែក្លាយសំរាមទាំងនោះទៅជាថាមពលអគ្គិសនី ប្រើប្រាស់បានរាប់ពាន់គ្រួសារ ខណៈសំណល់ ១០% ដែលនៅសេសសល់ត្រូវបានគេយកទៅចាក់បំពេញធ្វើជាកោះសិប្បនិម្មិតមួយឈ្មោះថា Semakau ។ កោះនោះគឺជាគម្រោងរបស់ទីភ្នាក់ងារបរិស្ថានជាតិ (The National Environment Agency) ហើយពួកគេថែមទាំងទទួលពានរង្វាន់វិស្វកម្មអន្តរជាតិ សម្រាប់ការប្រែក្លាយដ៏អស្ចារ្យនេះផងដែរ។

ជាដំបូងសាំងហ្គាពួរធ្វើការប្រមូលសំរាមដូចប្រទេសដទៃដែរ ប៉ុន្តែពួកគេប្រមូលវាយកទៅរោងចក្រកែច្នៃមួយ ដែលនៅឆ្ងាយពីទីប្រជុំជន។ បន្ទាប់មកទៀតពួកគេធ្វើការដុតបំផ្លាញសំរាមនៅឯរោងចក្រកែច្នៃនោះ ជាមួយនឹងកម្ដៅដុត ១,០០០ អង្សាសេ ហើយពួកគេក៏មានក្រុមជំនាញក្នុងការច្រោះផ្សែងពុល (toxic smoke) ព្រោះជាធម្មតាការដុតសំរាមនឹងធ្វើឱ្យមានផ្សែងពុល។ ដូច្នេះសាំងហ្គាពួរអាចច្នៃសំរាមដែលដុតនោះទៅជាអគ្គិសនី សម្រាប់បម្រើដល់ពលរដ្ឋសាំងហ្គាពួររាប់ពាន់គ្រួសារ ខណៈផ្សែងដែលចេញពីការដុតក៏មិនប៉ះពាល់ដល់សុខភាព និងស្អាតជាងខ្យល់ធម្មតាទៀតផង។

ក្នុងការដុតបំផ្លាញនេះធ្វើឱ្យសំរាមរលាយអស់ ៩០% ខណៈសំណល់ ១០% នឹងក្លាយទៅជាផេះ ដូច្នេះផេះនេះត្រូវបានគេដឹកបន្ដទៅចាក់បំពេញកោះសិប្បនិម្មិត Semakau ។ ម៉្យាងទៀតដោយសារការគិតពីផលប៉ះពាល់ដល់ប្រព័ន្ធអេកូសមុទ្រ សាំងហ្គាពួរបានបិទមិនឱ្យទឹកនៅទីនោះហូរចូលសមុទ្រនោះទេ ប៉ុន្តែជាលទ្ធផលផេះដែលចាក់ធ្វើកោះនោះមិនបានប៉ះពាល់ដល់អេកូធម្មជាតិក្នុងសមុទ្រនោះទេ ដោយសារត្រី និងផ្កាថ្ម នៅជុំវិញនោះនៅមានជីវិតដដែល ហើយកោះ Semakau បានក្លាយជាកោះមានពណ៌ធម្មជាតិយ៉ាងស្រស់បំព្រង មើលមិនដឹងថាវាធ្វើឡើងពីសំណល់សំរាមនោះឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ The Straits Times , The Straits Times