យន្ដហោះ Airbus A320 ដែលធ្លាក់នៅទីក្រុង Karachi ក្នុងប្រទេសប៉ាគីស្ថានកាលពីខែឧសភា គឺបណ្ដាលមកពីពីឡុតរវល់និយាយរឿងជំងឺ COVID-19 មិនបានមើលសញ្ញាព្រមាន
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ មានករណីយន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានមួយគ្រឿង បានធ្លាក់នៅទីក្រុង Karachi ដែលបានសម្លាប់មនុស្សទាំងអស់ ៩៧នាក់ និងនៅរស់តែ ២ នាក់ប៉ុណ្ណោះ។ របាយការណ៍ស៊ើបអង្កេតដំបូងបានបង្ហាញថា មូលហេតុដែលបង្កឱ្យមានការធ្លាក់នេះ គឺមកពីអ្នកបើកយន្តហោះរវល់ពិភាក្សារឿងជំងឺ COVID-19 ដែលធ្វើឱ្យពួកគេមិនបានយកចិត្តទុកដាក់ចំពោះការព្រមាន និងការដាស់តឿនជាច្រើនសារ អំពីល្បឿន GPWS និងបញ្ហាហ្គែរជាដើម។ ហេតុការណ៍នោះបានកើតឡើងនៅចំពេលដែលយន្តហោះនៅប៉ាគីស្ថាន ទើបតែត្រូវបានគេអនុញ្ញាឱ្យមានការហោះហើយក្នុងស្រុកបានមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ក្រុមស៊ើបអង្កេតប៉ាគីស្ថានដែលរួមបញ្ចូលទាំងមន្រ្តីមកពីឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជារដ្ឋាភិបាលបារាំងបានធ្វើការវិភាគទិន្នន័យ និងឧបករណ៍ថតសំឡេង ហើយបានរកឃើញថា វាជាកំហុសរបស់មនុស្សដែលបានបង្កឱ្យមានការធ្លាក់នេះ។ អ្នកតំណាងបារាំងមកពីក្រុមហ៊ុន Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះ និងក្រុមហ៊ុនផលិតម៉ាស៊ីន Safran ក៏បានមកគាំទ្រដល់ការស៊ើបអង្កេតដែលដឹកនាំដោយប៉ាគីស្ថាននៅក្នុងការធ្លាក់យន្តហោះនេះដែរ។ របាយការណ៍មិនបាននិយាយលម្អិតអំពីខ្លឹមសារជាក់លាក់នៃការសន្ទនារបស់អ្នកបើកយន្តហោះនោះទេ ប៉ុន្តែបាននិយាយថា ពួកគេមិនបានអនុវត្តតាមពិធីសារទេ។
នៅពេលប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសបានប្រាប់អ្នកបើកយន្តហោះថា យន្ដហោះមានកម្ពស់ខុសពីកម្ពស់ដែលអាចចុះចត មានពីឡុតម្នាក់បានឆ្លើយតបថា “ខ្ញុំនឹងគ្រប់គ្រង” ហើយក៏បានវិលត្រឡប់មកពិភាក្សា COVID-19 ម្ដងទៀត។ ម៉ាស៊ីនរបស់យន្តហោះ Airbus A320 បានបុកនឹងផ្លូវរត់នៅលើការប៉ុនប៉ងចុះចតដំបូង លុះនៅលើការប៉ុនប៉ងលើកទី២ យន្ដហោះបានធ្លាក់ចូលតំបន់លំនៅដ្ឋានពលរដ្ឋ ដែលមានចម្ងាយកន្លះម៉ាយពីព្រលានយន្តហោះ៕





អត្ថបទ៖ លីដា
ប្រភព៖ RT