សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសពីទីបញ្ចប់នៃជំងឺអេបូឡា ដែលបានយាយីភាគខាងកើតប្រទេសជិត២ឆ្នាំ
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះបាននិយាយថា ការផ្ទុះឡើងនៃមេរោគអេបូឡាធំជាងគេលំដាប់ទី២ គឺបានបញ្ចប់ទៅវិញហើយ បន្ទាប់ពីការរាតត្បាតជិត២ឆ្នាំ បណ្ដាលឱ្យមានការឆ្លងដល់មនុស្ស ៣,៤៦៣នាក់ និងធ្វើឱ្យមនុស្សស្លាប់ជាង ២,២៧៧នាក់ នៅក្នុងតំបន់ភាគខាងកើតប្រទេស។

ថ្វីបើកុងហ្គោមានវ៉ាក់សាំង និងការព្យាបាលប្រកបដោយប្រសិទ្ធភាព ដែលជួយបង្កើនអត្រារស់រានមានជីវិតក៏ដោយ ការផ្ទុះឡើងដ៏ធំនៅភាគខាងកើតនេះ បានធ្វើឱ្យក្រុមសង្គ្រោះដំបូងមានការពិបាកក្នុងការចូលទៅដល់ចំណុចដែលមេរោគផ្ទុះឡើង ធ្វើឱ្យមានការអូសបន្លាយពេលវេលា។ ប៉ុន្តែយ៉ាងណាពេលនេះគឺរយៈពេល ៤២ថ្ងៃមកហើយ ដែលភាគខាងកើតមិនមានករណីថ្មី។
ប្រទេសនេះក៏ស្ទើរតែបានប្រកាសការបញ្ចប់នៃមេរោគម្ដងរួចមកហើយ ប៉ុន្តែកាលពីថ្ងៃទី០១ ដើមខែមិថុនា ឆ្នាំ២០២០ ក៏ស្រាប់តែមានការផ្ទុះឡើងផ្សេងទៀតនៅទីក្រុង Mbandaka ដែលមានចម្ងាយ ១,០០០ គីឡីម៉ែត្រពីគ្នា។ ប៉ុន្តែអាជ្ញាធរនិយាយថា ការផ្ទុះឡើងក្រោយនេះមិនទាក់ទងគ្នាទេ ហើយពួកគេនៅតែអាចប្រកាសពីការបញ្ចប់នេះ៕




អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia