មិនស្តាប់តាមការណែនាំ! ពិធីមង្គលការមួយហៅភ្ញៀវចូលរួមលើសចំនួនកំណត់របស់អាជ្ញាធរ ចុងក្រោយភ្ញៀវ៣០នាក់ឆ្លងកូវីដ១៩ និងសមាជិកគ្រួសារ ២ នាក់បានស្លាប់
ឥណ្ឌូនេស៊ី៖ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ អាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចដាក់ចេញនូវវិធានការតឹងរឹងជាច្រើនដូចជាមិនឲ្យពលរដ្ឋធ្វើដំណើរបើគ្មានការចាំបាច់ ពលរដ្ឋគ្រប់រូបត្រូវរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនគ្រប់ពេល និងហាមមិនឲ្យពលរដ្ឋធ្វើការជួបជុំគ្នាក្នុងចំណោមមនុស្សលើសពី ១០ នាក់នោះទេ។ យ៉ាងណាក្តី ពលរដ្ឋមួយចំនួននៅតែមិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរដោយបន្តធ្វើការជួបជុំគ្នានិងបង្កឲ្យមានការចម្លងមេរោគជាបន្តបន្ទាប់ផងដែរ។

តួយ៉ាងសារព័ត៌មាន thejakartapost បានចុះផ្សាយថា ពិធីមង្គលការដ៏សប្បាយរីករាយមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងជូរចត់បំផុត ពោលគឺតាមរយៈពិធីមង្គលការនោះបានធ្វើឲ្យសមាជិកគ្រួសារកូនកំលោះកូនក្រមុំចំនួន ២ នាក់បានស្លាប់ដោយសាជំងឺកូវីដ ១៩ ខណៈភ្ញៀវដែលបានចូលរួមក្នុងកម្មពិធីចំនួន ៣០ នាក់ផ្សេងបានឆ្លងជំងឺកូវីដ ១៩។
ប្រភពខាងលើបញ្ជាក់ថា ពិធីមង្គលការបានរៀបចំឡើងកាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅនេះនៅក្នុងភូមិភាគកណ្តាលកោះចាវ៉ានៃប្រទេសឥណ្ឌូនេស៊ី ហើយពិធីមង្គលការត្រូវបានរៀបចំឡើងតាមបែបសាសនាឥស្លាមដោយមានភ្ញៀវចូលរួមជាង ៣០ នាក់ ពោលគឺមនុស្សមានចំនួនច្រើនជាងការកំណត់ដោយអាជ្ញាធរ។ បន្ទាប់ពីប្រទះឃើញពិធីមង្គលការដែលបានរៀបចំឡើងទាំងបំពាននឹងបំរាមដូចនេះ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីសម្រេចធ្វើការតាមដានសុខភាពអ្នកចូលរូមទាំងអស់ ហើយលទ្ធផលដែលបានរកឃើញកាលពីពេលថ្មីៗនេះបានបង្ហាញថាមានភ្ញៀវចំនួន ៣០ នាក់បានឆ្លងជំងឺកូវីដ ១៩ និងសមាជិកគ្រួសារម្ចាស់កម្មពិធី ២ នាក់ផ្សេងទៀតគឺម្តាយរបស់កូនកំលោះនិងប្អូនតូចរបស់កូនក្រមុំបានស្លាប់ព្រោះតែជំងឺកូវីដ ១៩៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz