សារព័ត៌មានវៀតណាមចុះផ្សាយថា ពលរដ្ឋវៀតណាម១៦នាក់ត្រូវនៅដាច់ដោយឡែក បន្ទាប់ពីរកឃើញសិស្សអាយុ ២០ឆ្នាំម្នាក់ មានជំងឺខាន់ស្លាក់
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VNexpress បានឲ្យដឹងថា យុវសិស្សវៀតណាមអាយុ ២០ឆ្នាំម្នាក់ នៅក្នុងមណ្ឌលសុខភាពទីក្រុងហូជីមីញ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន «ជំងឺខាន់ស្លាក់» ដែលជំរុញឱ្យអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ចំនួន ១៦នាក់ ត្រូវនៅដាច់ដោយឡែកទាំងអស់។ យោងតាមវរសេនីយ៍ទោ Phan Ba Hieu អ្នកនាំពាក្យមកពីមន្ទីរពេទ្យយោធាលេខ១៧៥ បាននិយាយថា អ្នកជំងឺបានឈឺសម្រាកក្នុងមន្ទីរពេទ្យ៩ថ្ងៃមកហើយ ដោយមានទាំងក្ដៅខ្លួន និងការហើមនៅថ្គាម និងក។

មន្ទីរពេទ្យបានធ្វើការរួមគ្នាយ៉ាងឆាប់រហ័សជាមួយអាជ្ញាធរមូលដ្ឋានដើម្បីញែកមនុស្ស ១៦នាក់ ដែលបានប្រឡងក្នុងថ្នាក់ជាមួយអ្នកជំងឺ ព្រោះថាពួកគេគឺជាសិស្សសាលាទាហានមួយរបស់ទីក្រុង។ ករណីនៅក្នុងទីក្រុងហូជីមីញនេះ គឺជាការផ្ទុះឡើងក្នុងសហគមន៍ជាលើកទី២ បន្ទាប់ពីខេត្ត Dak Nong និងមានមនុស្ស ១២នាក់មកហើយ ដែលបានឆ្លងនៅក្នុងខែមិថុនានេះ។ ជំងឺនេះបានធ្វើឱ្យក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ស្លាប់ ហើយអ្នកជំងឺម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
គួរឱ្យដឹងដែរថារោគខាន់ស្លាក់ ដែលអាចការពារបានដោយការចាក់វ៉ាក់សាំង គឺជាការបង្ករោគដែលបណ្តាលមកពីបាក់តេរីខាន់ស្លាក់ប្រភេទ Corynebacterium ដែលឆ្លងរាលដាលតាមរយៈខ្យល់ និងទំនាក់ទំនងផ្ទាល់។ រោគសញ្ញារួមមានគ្រុនក្តៅ ឈឺបំពង់ក ពិបាកលេប និងភ្នាស-ស បាំងនៅបំពង់ក ដែលអាចរារាំងផ្លូវដង្ហើម។ ផលវិបាកនៃជំងឺរួមមាន៖ រលាកសាច់ដុំបេះដូង myocarditis, បញ្ហាតម្រងនោម, បញ្ហាផ្លូវដង្ហើម, រលាកសរសៃប្រសាទ, សន្លប់ និងអាចឈានដល់ស្លាប់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress