អ៉ីតាលីប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធយ៉ាងធំមួយ ជូនចំពោះអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ១៩
ប្រទេសអ៉ីតាលីបានធ្វើពិធីគោរពវិញ្ញាណក្ខន្ធមួយ សម្រាប់ជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅ Bergamo ជាខេត្តមួយក្នុងចំណោមខេត្តភាគខាងជើង ដែលទទួលរងការវាយប្រហារខ្លាំងបំផុតពីជំងឺ។ រំលឹកដែរថា អ៉ីតាលីបានបញ្ជាក់មានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ២៤០,០០០នាក់ ខណៈការស្លាប់មានជាង ៣៥,០០០នាក់ ចាប់តាំងពីករណីដំបូងត្រូវបានគេរាយការណ៍នៅចុងខែកុម្ភៈ។ កាលពីថ្ងៃអាទិត្យប្រជាជនបានប្រមូលផ្តុំគ្នានៅឯទីបញ្ចុះសពមួយក្នុងទីក្រុង Bergamo ដើម្បីគោរពដល់ជនរងគ្រោះទាំងនោះ។

ប្រធានាធិបតី Sergio Mattarella បានកត់សម្គាល់ថា ខេត្ត Bergamo តំណាងឱ្យប្រទេសអ៉ីតាលី ដែលបានរងគ្រោះ បានរងទុក្ខ និងស្រែកយំ។ ពិធីនេះត្រូវបានចាក់ផ្សាយផ្ទាល់នៅទូទាំងប្រទេស ដោយមានពិធីថ្វាយអភិបូជា (Requiem Mass) និពន្ធដោយ Gaetano Donizetti ។ វាជាពិធីគោរពវិញ្ញាណក្ខន្ធដំបូងគេនៅប្រទេសអ៉ីតាលី ដែលជាប្រទេសមួយក្នុងអឺរ៉ុបដែលប្រឈមនឹងការរាតត្បាតខ្លាំង។
រដ្ឋាភិបាលប្រទេសអ៉ីតាលីបានប្រកាសថា មានមនុស្សស្លាប់ចំនួន ៣,១៣០ នាក់ ដោយសារជំងឺ COVID-19 នៅខេត្ត Bergamo ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនសង្ស័យថាអ្នកស្លាប់ពិតប្រាកដអាចមានចំនួនទ្វេដង។ ព្រោះថាមានពេលមួយរថយន្ដយោធាត្រូវដឹកសាកសពចេញពីខេត្ត ព្រោះកន្លែងបញ្ចុះសពក្នុងស្រុកត្រូវបានបំពេញ។ គ្រួសារសពមួយចំនួនកំពុងរៀបចំប្តឹងទៅអាជ្ញាធរ ជុំវិញការដោះស្រាយរបស់ពួកគេចំពោះការផ្ទុះឡើងនៃវីរុសនេះ៕






អត្ថបទ៖ លីដា
ប្រភព៖ NHK