ចិនរកឃើញលោកយាយម្នាក់អាយុ ១៣៤ឆ្នាំ និងចាត់ទុកគាត់ថាជាមនុស្សចាស់ជាងគេបំផុតលើពិភពលោក
ចិន៖ សារព័ត៌មាន dailymail បានចុះផ្សាយពីករណីលោកយាយចំណាស់ម្នាក់ដែលអាយុរហូតដល់ ១៣៤ ឆ្នាំ ហើយរូបគាត់ត្រូវបានអាជ្ញាធរចិនចាត់ទុកថា ជាមនុស្សដែលមានអាយុច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ។ លោកយាយម្នាក់នេះមានឈ្មោះថា Almihan Seyiti ជាជនជាតិភាគតិចអ៊ូហ្គូរដែលកំពុងរស់នៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ូហ្គូរក្នុងភាគខាងជើងនៃប្រទេសចិន ហើយបើយោងតាមអត្តសញ្ញាណប័ណ្ណនិងលិខិតជាតិកំណើតផ្លូវការដែលចេញដោយអាជ្ញាធរចិនបានបង្ហាញថា លោកយាយបានកើតនៅក្នុងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៨៨៦។

ប្រភពខាងលើបានបន្តថា កាលពីថ្ងៃខួបកំណើតគំរបអាយុ ១៣៤ ឆ្នាំរបស់លោកយាយ ស្ថាប័ន Shanghai China Records ដែលជាស្ថាប័នកត់ត្រាកំណត់ត្រាប្លែកៗក្នុងប្រទេសចិនបានចេញលិខិតកំណត់ត្រាជូនលោកយាយដោយបញ្ជាក់ថា គាត់ជាមនុស្សមានអាយុច្រើនជាងគេបំផុតនៅលើពិភពលោក ហើយគ្រួសាររបស់លោកយាយក៏បានរៀបចំពិធីជប់លាងយ៉ាងធំមួយនៅក្នុងសហគមន៍របស់គាត់ផងដែរ។ យ៉ាងណាក្តីរហូតមកទល់នឹងពេលនេះសា្ថប័នកត់ត្រាកំណត់ត្រាប្លែកៗពិភពលោក World Guinness Records មិនបានចុះទៅពិនិត្យនិងទទួលស្គាត់កំណត់ត្រារបស់លោកយាយនៅឡើយទេ។
ប្រសិនបើលោកយាយ Almihan Seyiti ពិតជាបានកើតនៅក្នុងឆ្នាំ ១៨៨៦ ប្រាកដមែនមានន័យថា គាត់មានអាយុ ៧ ឆ្នាំច្រើនជាងលោកយាយជនជាតិជប៉ុនដែលជាម្ចាស់កំណត់ត្រាពិភពលោកជាមនុស្សចាស់ជាងគេបំផុតទទួលស្គាស់ដោយស្ថាប័ន World Guinness Records ដោយលោកយាយជនជាតិជប៉ុនរូបនោះមានអាយុ ១១៧ ឆ្នាំ៕



អត្ថបទ៖ ភក្តី
ប្រភព៖ dailymail