ពលរដ្ឋកន្លះលាននាក់នៅប្រទេសចិនត្រូវជាប់ឃុំសារជាថ្មី បន្ទាប់ពីករណីនៃជំងឺកូវីដ១៩ បានបន្ដការកើនឡើង
ប្រទេសចិនបានដាក់ការហាមឃាត់យ៉ាងតឹងរ៉ឹង ទៅលើពលរដ្ឋខ្លួនជិត ៥០០,០០០ នាក់ នៅ Anxin County ដែលមានចម្ងាយ ១៥០គីឡូម៉ែត្រ ពីរដ្ឋធានីប៉េកាំង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 កាលពីថ្ងៃអាទិត្យ ខណៈដែលអាជ្ញាធរបានព្រមានថា វាឆាប់ពេកហើយសម្រាប់ប្រទេសចិនដែលគិតថាពួកគេអាចធូរខ្លួន នៅពេលដែលករណីថ្មីៗចេះតែបន្ដកើនឡើង។ គួរជម្រាបផងដែរថា ប្រទេសចិនបានគ្រប់គ្រងជំងឺ COVID-19 បានល្អខ្លាំងណាស់ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ វាមានការផ្ទុះឡើងនៃថ្មីៗជាហូរហែ ដោយដំបូងគឺនៅខេត្ត Hebei ហើយក្រោយមកគឺនៅទីក្រុងប៉េកាំង និងបន្ដមកដល់ករណីផ្ទុះចេញពីផ្សារលក់ដុំ Xinfadi និងផ្សេងៗទៀត។

ការបិទទ្វារថ្មីនេះគឺធ្វើដូចជានៅទីក្រុងវូហានដែរ ដោយក្នុងផ្ទះមួយគ្រួសារតម្រូវឱ្យមនុស្សតែម្នាក់ អាចចេញក្រៅមកទិញអាហារ ថ្នាំ ឬរបស់ដែលចាំបាច់ប៉ុណ្ណោះ ខណៈដែលអាជ្ញាធរកំពុងដុតដៃដុតជើងក្នុងការយកសំណាកពលរដ្ឋមកពិនិត្យ។ ពលរដ្ឋអាចចេញក្រៅបានលុះត្រាតែពួកគេមានការចាំបាច់ ឬត្រូវការស្វែងរកការព្យាបាលផ្សេងៗ។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីមានករណីជំងឺចំនួន ១៤ ករណីផ្សេងទៀត ត្រូវបានគេរាយការណ៍នៅទីក្រុងប៉េកាំង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលសរុបទៅមានចំនួន ៣១១ ករណី ចាប់តាំងពីពាក់កណ្តាលខែមិថុនា។ គិតមកទល់ពេលនេះចិនមានករណី COVID-19 សរុបជាង ៨៣,០០០ និងការស្លាប់សរុបមានជាង ៤,៦០០នាក់៕



អត្ថបទ៖ លីដា
ប្រភព៖ Asia Times