ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកស្រាវជ្រាវចិន រកឃើញជំងឺផ្តាសាយជ្រូក (Swine flu) ប្រភេទថ្មី ដែលមានសមត្ថភាពអាចបង្កទៅជារោគរាតត្បាត ជាសកលបាន

    BY autoadmin June 30, 2020
    អ្នកស្រាវជ្រាវចិន រកឃើញជំងឺផ្តាសាយជ្រូក (Swine flu) ប្រភេទថ្មី ដែលមានសមត្ថភាពអាចបង្កទៅជារោគរាតត្បាត ជាសកលបាន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានរកឃើញជំងឺផ្តាសាយជ្រូក (swine flu) ប្រភេទថ្មី ដែលមានសមត្ថភាពអាចបង្កទៅជារោគរាតត្បាត នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែតវិទ្យាសាស្ត្រអាមេរិក PNAS ។ វាត្រូវបានគេដាក់ឈ្មោះថា G4 ដែលមានហ្សែនតវេនពីជំងឺផ្ដាសាយជ្រូក H1N1 ហើយវាធ្លាប់បណ្តាលឱ្យមានការរាតត្បាតក្នុងឆ្នាំ២០០៩។ អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យចិន និង មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់ចិនបានបញ្ជាក់ដែរថា ជំងឺនេះអាចមានសមត្ថភាពឆ្លងមកមនុស្សទៀតផង។

    ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ អ្នកស្រាវជ្រាវបានយកសំណាកចំនួន ៣០,០០០ ពីសត្វជ្រូកនៅក្នុងផ្ទះកាប់សាច់ ក្នុងខេត្តចំនួន ១០ របស់ប្រទេសចិន និងនៅមន្ទីរពេទ្យសត្វមួយកន្លែង ដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្របំបែកវីរុសផ្តាសាយជ្រូកចំនួន ១៧៩ ប្រភេទ។ ភាគច្រើននៃជំងឺផ្ដាសាយប្រភេទថ្មី បានលេចធ្លោក្នុងចំណោមសត្វជ្រូកចាប់តាំងពីឆ្នាំ២០១៦។ អ្នកវិទ្យាសាស្ត្រក៏បានធ្វើការពិសោធន៍ជាច្រើន បូករួមទាំងនៅលើសត្វកណ្ដុរ ហើយជាលទ្ធផលវាបានបង្ហាញថា វីរុសប្រភេទថ្មីនេះអាចចម្លងនៅក្នុងកោសិកាមនុស្ស និងបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរនៅក្នុងសត្វកណ្ដុរជាងមេរោគដទៃទៀត។

    ការធ្វើតេស្តក៏បានបង្ហាញផងដែរថា មនុស្សដែលមានភាពស៊ាំប្រឆាំងនឹងជំងឺផ្តាសាយធម្មតា មិនអាចគេចរួចពីវីរុស G4 នេះទេ។ យោងតាមការធ្វើតេស្ដទៅលើកម្មករនៅកន្លែងទាំងនោះក៏បានបង្ហាញដែរថា ១០.៤% ​នៃពួកគេបានឆ្លងជំងឺនេះ ហើយការធ្វើតេស្ដក៏បានបង្ហាញដែរថា ៤.៤% នៃប្រជាជនទូទៅសុទ្ធតែបានប៉ះពាល់ជាមួយវា។ យ៉ាងណាក៏ដោយថ្វីបើពេលនេះគេរកឃើញថាវាអាចចម្លងពីសត្វមកមនុស្ស វានៅមិនទាន់មានភស្តុតាងដែលថាវីរុសអាចចម្លងពីមនុស្សទៅមនុស្សនៅឡើយទេ។ នេះហើយគឺជាអ្វីដែលអ្នកវិទ្យាសាស្ត្រកំពុងបារម្ភ ដោយពួកគេយល់ថា G4 អាចមានឱកាសចម្លងទៅមនុស្ស ហើយធ្វើឱ្យមានការឆ្លងពីមនុស្សទៅមនុស្ស បន្ទាប់មកទៀតវាក៏ក្លាយទៅជារោគរាតត្បាតទូទាំងពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: