អន្តរជាតិ

WHO គ្រោងនឹងបញ្ជូនក្រុមជំនាញទៅកាន់ប្រទេសចិននៅខែក្រោយ ដើម្បីស៊ើបអង្កេតពីរបៀបដែលជំងឺ COVID-19 ចាប់ផ្ដើមរាលដាល

BY
autoadmin
June 30, 2020

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃច័ន្ទ ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា ក្រុមអ្នកជំនាញមួយនឹងត្រូវបញ្ជូនទៅប្រទេសចិននៅខែក្រោយ ដើម្បីស៊ើបអង្កេតថាតើមេរោគ COVID-19 ចាប់ផ្តើមរាលដាលយ៉ាងដូចម្តេច។ លោកមានប្រសាសន៍ថា៖«យើងអាចប្រយុទ្ធប្រឆាំងនឹងជំងឺបានកាន់តែប្រសើរ នៅពេលយើងដឹងអ្វីៗទាំងអស់អំពីជំងឺ រួមទាំងរបៀបដែលវាចាប់ផ្តើម»។

រំលឹកផងដែរថា សហរដ្ឋអាមេរិកបានលើកឡើងថាវីរុសកូរ៉ូណា ប្រហែលជាមានប្រភពចេញពីមន្ទីរពិសោធន៍នៅប្រទេសចិន ប៉ុន្តែទីក្រុងប៉េកាំងបានប្រតិកម្មយ៉ាងខ្លាំងចំពោះការចោទរបស់អាមេរិក។ ដូច្នេះហើយវានឹងកាន់តែគួរឱ្យចាប់អារម្មណ៍ នៅពេលដែលអង្គការសុខភាពពិភពលោកនឹងចាប់ផ្តើមការស៊ើបអង្កេតលើការចាប់ផ្តើមនៃការផ្ទុះឡើងនេះ។ គិតមកទល់ពេលនេះគឺរយៈពេល៦ខែមកហើយ ដែលជំងឺ COVID-19 បានចេញវត្តមាន ខណៈករណីដំបូងដែលត្រូវបានរាយការណ៍គឺកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

លោក Tedros Adhanom Ghebreyesus បាននិយាយថា ការពិតដ៏លំបាកគឺថាជំងឺរាតត្បាតមិនទាន់ដល់ទីបញ្ចប់នោះទេ។ លោកបានបន្ថែមថា៖«ទោះបីជាប្រទេសជាច្រើនមានការភាពជឿនលឿន ប៉ុន្តែការរីករាលដាលនៃជំងឺរាតត្បាតនៅទូទាំងពិភពលោកកំពុងបង្កើនល្បឿន»។ ដូច្នេះលោកបានជំរុញឱ្យប្រទេសនានាបង្កើនវិធានការណ៍ប្រឆាំងនឹងមេរោគនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: