អន្តរជាតិ

អង្គការកម្មវិធីស្បៀងអាហារពិភពលោក ព្រមានពីការកើនឡើងនូវភាពអត់ឃ្លាន ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩

BY
autoadmin
June 30, 2020

អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងអំពាវនាវរកជំនួយជាអន្តរជាតិជាបន្ទាន់ ដើម្បីគាំទ្រដល់ការកើនឡើងនៃចំនួនប្រជាជនដែលកំពុងទទួលរងភាពអត់ឃ្លាននៅទូទាំងពិភពលោក ដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចសង្គមព្រោះតែជំងឺ COVID-19 ។ អង្គការជំនួយស្បៀងអាហារ ដែលជាសាខារបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយកាលពីថ្ងៃច័ន្ទថា មនុស្សចំនួន ២៧០លាននាក់ អាចធ្លាក់ចូលក្នុងវិបត្តិគ្មានស្បៀងអាហារនៅចុងឆ្នាំនេះ ពោលគឺជិតទ្វេដងនៃកម្រិតមុនពេលមានជំងឺរាតត្បាត។

WFP និយាយថា ទ្វីបអាហ្រ្វិកមានការកើនឡើងនៃភាពអត់ការងារធ្វើ និងការធ្លាក់ចុះនៃការផ្ញើប្រាក់របស់ពលករចំណាកស្រុក មានន័យថាពួកគេកំពុងមានបញ្ហាហិរញ្ញវត្ថុ។ WFP ក៏និយាយដែរថា ប្រជាជនជាង ៥៧ លាននាក់ នៅអាហ្វ្រិកខាងលិចនិងកណ្តាល អាចប្រឈមនឹងកង្វះស្បៀងអាហារ។ នៅអាមេរិកឡាទីនដែលរងគ្រោះរាំងស្ងួតខ្លាំងកាលពីឆ្នាំមុន បានកើនឡើងចំនួនប្រជាជនត្រូវការស្បៀងអាហារជិត៣ដង ដែលស្មើនឹង ១៦លាននាក់។ ដូច្នេះ WFP គ្រោងនឹងផ្តល់ជំនួយដល់ប្រជាជនចំនួន ១៣៨លាននាក់ នៅទូទាំងពិភពលោក ដោយត្រូវការថវិកាចំនួន ៤.៩ ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែទៀត សម្រាប់ការងារជួយសង្គ្រោះនេះ។

នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោកលោក David Beasley មានប្រសាសន៍ថា វិបត្តិដែលមិនធ្លាប់មានពីមុនមកទាមទារឱ្យមានការឆ្លើយតបដែលមិនធ្លាប់មាន។ គាត់និយាយថា ប្រសិនបើយើងមិនឆ្លើយតបយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពចំពោះការគំរាមកំហែងនៃជំងឺនេះទេ លទ្ធផលរបស់វាគឺការបាត់បង់ជីវិតដោយសារភាពអត់ឃ្លាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: