ប្រធានវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងបានព្រមានថា ចំនួនអ្នកឆ្លងកូវីដ១៩ នៅសហរដ្ឋអាមេរិកអាចកើនដល់ ១០០,០០០ នាក់ ក្នុងមួយថ្ងៃ
លោក Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងធំបំផុតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះមិនស្ថិតក្នុងការគ្រប់គ្រងទាំងស្រុងពីជំងឺ COVID-19 នោះទេ ហើយករណីឆ្លងអាចកើនឡើងរហូតដល់មួយថ្ងៃ ១០០,០០០នាក់។ លោក Anthony Fauci បានថ្លែងបែបនេះប្រាប់សមាជិកព្រឹទ្ធសភានៅក្នុងការប្រជុំមួយ ដែលធ្វើឡើងដោយគណៈកម្មាធិការសុខាភិបាល អប់រំ ការងារ និងសោធន ដោយបានបន្ថែមថា៖«ខ្ញុំមិនអាចធ្វើការទស្សន៍ទាយបានត្រឹមត្រូវទាំងស្រុងទេ ប៉ុន្តែវានឹងកាន់តែធ្វើឱ្យវឹកវរខ្លាំង»។

លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងបានមានប្រសាសន៍ថា អាមេរិកកំពុងដើរខុសទិសដៅ ខណៈដែលចំនួនករណីនៃជំងឺ COVID-19 បានកើនឡើងនៅទូទាំងប្រទេស។ លោកនិយាយថា ពេលនេះសហរដ្ឋអាមេរិកមានករណី COVID-19 ជាង ៤០,០០០ ក្នុងមួយថ្ងៃ ដូច្នេះលោកនឹងមិនភ្ញាក់ផ្អើលនោះទេ នៅពេលដែលករណីអាចកើនដល់ ១០០,០០០ ក្នុងមួយថ្ងៃ ហើយនេះជាអ្វីដែលលោកកំពុងបារម្ភ។ លោកបានព្រមានថា រដ្ឋមួយចំនួនកំពុងរំលងគោលការណ៍ណែនាំឡើងវិញរបស់សហព័ន្ធ ដូច្នេះវាបានធ្វើឱ្យមានការផ្ទុះឡើងនាពេលថ្មីៗនេះ។
ឥឡូវនេះអាមេរិកមានករណីច្រើនជាង ២.៦ លាន ខណៈចំនួនអ្នកស្លាប់កើនដល់ ១២៧,០០០ នាក់ គិតត្រឹមរសៀលថ្ងៃអង្គារ ហើយលោក Anthony Fauci បាននិយាយថា ក្នុងចំណោមករណីថ្មីៗទាំងនេះ ៥០% ចេញពីរដ្ឋ Florida, California, Texas និង Arizona ។ ពោលគឺប្រទេសទាំងមូលប្រឈមនឹងហានិភ័យ ហើយច្បាស់ណាស់ថាជំងឺមិនស្ថិតក្រោមការគ្រប់គ្រងនោះទេ។ លោកក៏បានសង្កត់ធ្ងន់ដែរថា អ្វីដែលពួកគេសាងនាពេលនេះ គឺជាលទ្ធផលនាពេលខាងមុខ៕



អត្ថបទ៖ លីដា
ប្រភព៖ ស៉ីនហួរ