អន្តរជាតិ

ទីក្រុងមួយរបស់អូស្ត្រាលីនឹងធ្វើការពិន័យទឹកប្រាក់ជិត ២០០ដុល្លារ សម្រាប់អ្នកដើរផ្សារទិញឥវ៉ាន់ហើយទុករទេះចោលផ្តេសផ្តាស

BY
autoadmin
July 1, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Mail Online បានឱ្យដឹងថា តំបន់ជាយក្រុង Marion ក្នុងទីក្រុង Adelaide របស់ប្រទេសអូស្ត្រាលីនឹងធ្វើការផាកពិន័យអ្នកដើរទិញទំនិញក្នុងទឹកប្រាក់ប្រហែល ១៨៧ដុល្លារ ប្រសិនបើពួកគេប្រើប្រាស់រទេះទិញទំនិញរបស់ផ្សារ រួចហើយទុកវាចោលមិនយកទៅដាក់កន្លែងដើមត្រឹមត្រូវ។ ក្នុងនោះផងដែរផ្សារទំនើបទាំងនោះ ក៏ត្រូវទទួលការផាកពិន័យដូចគ្នា ប្រសិនបើពួកគេទុកឱ្យរទេះទិញទំនិញរាយរប៉ាត់រប៉ាយ មិនប្រញាប់យកទៅទុកដាក់នៅកន្លែងដើម។

អភិបាលតំបន់ Marion លោក Kris Hanna បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា ក្រុមប្រឹក្សារបស់លោកកំពុងឆ្លើយតបទៅនឹងភាពអសកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចំពោះករណីរទេះទិញទំនិញ (trolley) ត្រូវបានគេទុកចោលរប៉ាត់រប៉ាយនៅតាមផ្សារទំនើបក្នុងស្រុក។ ដូច្នេះលោកអិភិបាលសង្ឃឹមថា ការផាកពិន័យនេះនឹងទទួលបានលទ្ធផលល្អ ហើយវាក៏អាស្រ័យលើការចូលរួមរបស់ផ្សារទំនើបទាំងនោះផងដែរ។

បុគ្គលិកក្រុមប្រឹក្សាក៏នឹងជូនដំណឹងដល់ផ្សារទំនើបនានា ដែលមានរទេះទិញទំនិញទុកចោលរាយពេញទីធ្លាផ្សារ ដើម្បីឱ្យពួកគេប្រមូលទ្រព្យសម្បត្តិរបស់ពួកគេឱ្យអស់ក្នុងរយៈពេល​ ៧២ម៉ោង មុនពេលចេញការផាកពិន័យដល់ផ្សារ។ ច្បាប់នេះត្រូវបានអនុម័តដោយក្រុមប្រឹក្សានៅ Marion ហើយត្រូវបានបញ្ជូនទៅគណៈកម្មាធិការត្រួតពិនិត្យច្បាប់របស់សភាដើម្បីសុំការអនុម័ត។ នៅពេលដែលច្បាប់ត្រូវបានអនុម័តដោយសភា ក្រុមប្រឹក្សានឹងមានយុទ្ធនាការអប់រំសាធារណៈ ដើម្បីព្រមានប្រជាជនអំពីច្បាប់ថ្មីនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: