អន្តរជាតិ

ថៃបើកទ្វារសាលាឲ្យសិស្សចូលរៀនវិញ តែតម្រូវឲ្យសិស្សដាច់ខាតត្រូវតែពាក់ម៉ាស់ ហើយក្នុងថ្នាក់រៀនត្រូវអង្គុយឃ្លាតៗគ្នា និងមានរនាំងបាំងទៀតផង

BY
autoadmin
July 2, 2020

ថៃ៖ បន្ទាប់ពីបានបិទសាលាទាំងអស់នៅទូទាំងប្រទេស ព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ អស់រយៈពេលជាច្រើនខែមក ប្រទេសថៃបានសម្រេចបើកសាលារៀនជាធម្មតាវិញហើយដោយផ្តើមអនុវត្តពីដើមកក្កដានេះតទៅ។ ទោះបីជាសាលាត្រូវបើកទ្វារនិងអនុញ្ញាតឲ្យសិស្សទាំងអស់អាចត្រលប់ទៅរៀនបានវិញមែន តែសិក្សានុសិស្ស គ្រូបង្រៀន និងបុគ្គលិកនៅបម្រើការងារនៅក្នុងសាលារៀនត្រូវបន្តអនុវត្តវិធានមួយចំនួនតាមការណែនាំរបស់អាជ្ញាធរផងដែរ។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន bangkokpost បានឲ្យដឹងថា សិស្សទាំងអស់តម្រូវឲ្យពាក់ម៉ាស់ជាចាំបាច់ ការអង្គុយនៅក្នុងថ្នាក់រៀនវិញក៏ត្រូវបានគេរៀបចំតុឲ្យនៅដាច់ៗពីគ្នានិងមានរនាំងបាំងផងដើម្បីរក្សាគំលាតរវាងសិស្សនីមួយៗឲ្យបាន ១.៥ ម៉ែត្រ ហើយពេលសម្រាកពីការសិក្សាសិស្សទាំងអស់ក៏មិនត្រូវអនុញ្ញាតឲ្យមានការជួបជុំគ្នាក្នុងចំណោមមនុស្សច្រើនដែរ។

ជាងនេះទៅទៀតអាជ្ញាធរថៃបានបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃមួយដែលមានឈ្មោះថា Thai Chana សម្រាប់ឲ្យសិស្សទាញយកកម្មវិធីមកប្រើក្នុងទូរស័ព្ទគ្រប់គ្នា ហើយតាមរយៈកម្មវិធីនេះគេនឹងអាចដឹងថា អ្នកណាម្នាក់បានចេញទៅជួបមនុស្សច្រើននៅខាងក្រៅ បាននៅជិតឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ១៩ ជាដើម។ ក្រុមសិស្សានុសិស្សនិងអាណាព្យាបាលសិស្សបានសម្ដែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ចំពោះការសម្រេចបើកសាលារៀនជាធម្មតាវិញនេះ៕

អត្ថបទ៖ភក្តី

ប្រភព៖ bangkokpost

Share This Post: