អន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ នៅក្នុងការវាយប្រហារប្រដាប់អាវុធក្នុងប្រទេសម៉ិកស៊ិក

BY
autoadmin
July 2, 2020

ប៉ូលីសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ២៤នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងការវាយប្រហារប្រដាប់អាវុធ នៅឯមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនមួយនៅកណ្តាលទីក្រុង Irapuato នៃប្រទេសម៉ិកស៊ិក។ ប៉ូលីសនៅក្នុងទីក្រុង Guanajuato បាននិយាយថា ខ្មាន់កាំភ្លើងក៏បានរងរបួស ៧នាក់ផងដែរ នៅក្នុងការវាយប្រហារលើកទី២ ដែលបានកើតឡើងនៅ Irapuato អំឡុងខែកន្លងមក។ ការវាយប្រហារនេះក៏ត្រូវបានបញ្ជាក់ដោយមន្ត្រីរដ្ឋាភិបាលសហព័ន្ធផងដែរ។

ការវាយប្រហារនេះគឺជាការសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយ ចាប់តាំងពីប្រធានាធិបតី Andres Manuel Lopez Obrador បានឡើងកាន់អំណាចកាលពី១៩ខែមុន ដោយសន្យាថានឹងកាត់បន្ថយកម្រិតអំពើហិង្សា។ ប៉ុន្តែអំពើមនុស្សឃាតបានកើនឡើងដល់កំណត់ត្រាថ្មីកាលពីឆ្នាំមុន ហើយនៅតែមាននិន្នាការកើនឡើងខ្ពស់នៅឡើយក្នុងឆ្នាំ២០២០។

កាលពីថ្ងៃទី០៦ ខែមិថុនា ក៏មានបុរស១០នាក់ត្រូវបានសម្លាប់ នៅពេលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់អ្នកញៀនថ្នាំនៅ Irapuato នេះដូចគ្នា។ ប៉ុន្តែយ៉ាងណាគេមិនទាន់ដឹងច្បាស់ថា តើការបាញ់បោះទាំង ២លើក ស្ថិតនៅទីតាំងតែ ១ ឬយ៉ាងណា គ្រាន់តែដឹងថាតំបន់នេះបានក្លាយទៅជាតំបន់អំពើហិង្សាមមាញឹកនៅម៉ិកស៊ិក៕

អត្ថបទ៖ លីដា
ប្រភព៖ US News

Share This Post: